(បាត់ដំបង)៖ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ដាំកូនឈើប្រណិតរួមមាន៖ គ្រញូង ៥០ដើម, គីនីន ៥០ដើម, បេង ៥០ដើម, គគីរ ៥០ដើម និងនាងនួន ៥០ដើម សរុប២៥០ដើម សម្រាប់ជាម្លប់ និងជាការកែលម្អសោភ័ណភាពក្នុងអង្គភាព រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ត្រី ម៉ែន មូលី បានបញ្ជាក់ថា ការដាំកូនឈើប្រណិតនេះ មិនជាលើកទី១ នោះទេ យើងបានធ្វើការដាំកូនឈើសរុបចំនួន ០៧លើករួចមក ហើយបានកូនឈើសរុបចំនួន ៧,៥០០ដើម។
ជាចុងក្រោយលោកវរសេនីយ៍ត្រី បានបេ្តជ្ញាចិត្តចូលរួមចំណែកបំផុសស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន បង្កើនគម្របព្រៃឈើ និងជីវចម្រុះ សម្រាប់ការអភិវឌ្ឍអង្គភាពឱ្យមានការរីកចម្រើនបន្ថែមទៀត៕