(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥នេះ បានរៀបចំកិច្ចប្រជុំ អគ្គនាយកគយអាស៊ានលើកទី២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី២៥នេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងមានចូលរួមពី អគ្គនាយកគយអាស៊ានទាំង១០ និងមន្រ្ដីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងពីជោគជ័យរបស់ប្រទេសអាស៊ាន ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ លោកបានបន្ដទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាននេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ាន បានចូលរួមចំណែកក្នុងការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងលើកទឹកចិត្តឲ្យអគ្គនាយកគយអាស៊ាន បន្ដខិតខំអនុវត្តន៍ផែនការអភិវឌ្ឍគយ សមាហរណកម្មគយអាស៊ាន ដើម្បីសម្រេចគោលដៅរបស់ ប្រមុខរដ្ឋាភិបាលអាស៊ានដែលកំណត់ «ទស្សនសហគមន៍អាស៊ាន២០២៥»។
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋានករកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំនេះថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍគយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។
លោកបានបញ្ជាក់ទៀតថា នៅឆ្នាំកន្លងមកនេះ កម្ពុជាបានកាត់បន្ថយអត្រាពន្ធមួយចំនួន ហើយនៅក្នុងឆ្នាំ២០១៨ខាងមុខ នឹងមានការកាត់បន្ថយពន្ធមួយកំរិតទៀត ដោយពន្ធគយនឹងបន្ដធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានមុខទំនិញជាច្រើនមុខ នឹងធ្លាក់ដល់០%។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា តាមរយៈការអនុគ្រោះចំពោះមុខទំនិញមួយចំនួន ដែលប៉ះពាល់ចំណូលថវិកាជាតិ តម្លៃពន្ធគយ អាចរក្សារហូតដល់ឆ្នាំ២០២៤៕