(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការ Swisscontact នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលជាខេត្តគោលដៅទេសចរណ៍តំបន់ជុំវិញបឹងទន្លេសាប។

គម្រោងនេះត្រូវបានបង្ហាញឡើងនាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact។

ការបណ្តុះបណ្តាលនឹងផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិរួមមាន៖

១. ជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។

២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅពេលអនាគត។

៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ។

គួរជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន៨៨៤រូប (ស្រី ៥៩៦រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ UNIDO លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងកាហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង៕