(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយទទួលបានលទ្ធផលវិជ្ជមាន ដែលអាចនឹងនាំចេញ ក្នុងរដូវប្រមូលផលខាងមុខនេះ ក្នុងអំឡុងខែសីហា ឬខែកញ្ញា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន បានធ្វើការវាយតម្លៃចុងក្រោយពីគុណភាព សមាសភាពចង្រៃ និងអនាម័យនៅក្នុងចម្ការមៀន ដោយភាគីចិនបានសន្និដ្ឋានថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជាមានគុណល្អជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
លោកបន្ថែមថា យ៉ាងណាក្តី ពិធីសារ ឬកិច្ចព្រមព្រៀងលើការនាំចេញផ្លែមៀនប៉ៃលិន មិនទាន់ឯកភាពគ្នានៅឡើយទេ នៅសល់ការងារសេសសល់បន្តិចបន្តួច ដែលត្រូវធ្វើការកែលម្អ ដែលលោកសង្ឃឹមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងអាចនាំចេញផ្លែស្រស់ពីកម្ពុជា ទៅប្រទេសចិន នៅពេលដែលមៀនប៉ៃលិនដល់រដូវប្រមូលផល នាខែសីហា ឬខែកញ្ញា ខាងមុខ។
លោកបានពន្យល់យ៉ាងដូច្នេះថា «ផ្លែមៀនប៉ៃលិនបានវាយតម្លៃចុងក្រោយរួចហើយ ហើយអគ្គរដ្ឋបាលគយចិន បានសន្និដ្ឋានថា ផ្លែមៀនប៉ៃលិនកម្ពុជាមានគុណភាពល្អជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាត់ធ្លាប់បានធ្វើការវាយតម្លៃ។ ពាក់ព័ន្ធសមាភាពចង្រៃ គឺគាត់បានវាយតម្លៃហើយថា ពុំមានសមាភាពចង្រៃ ភូតគាមអនាម័យដែលប្រទេសចិន ហាមឃាត់សង្កេតឃើញនៅប្រទេសកម្ពុជាទេ ដែលគាត់ដាក់មក៦មុខ។ ចំណែកការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រា នៃការអនុវត្តផលិតកម្មទៅតាមស្តង់ដារមួយដែលយើង ហៅថាការអនុវត្តកសិកម្មល្អ បានត្រឹមត្រូវ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រូបនេះ បានឲ្យដឹងផងដែរថា រោងចក្រវិចខ្ចប់ និងកែច្នៃ មានចំនួន៨ បានវាយតម្លៃរួចហើយ ពីមានសមត្ថភាព និងមានស្តង់ដារគ្រប់គ្រាន់អាចនាំចេញទៅប្រទេសចិនបាន។
លោក ងិន ឆាយ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងរយៈពេល៥ខែនេះ ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសវៀតណាម មានចំនួន១០៦,៦៨តោន៕