(ភ្នំពេញ)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង នាថ្មីៗនេះ បានស្នើឱ្យស្នងការនគរបាល នៅខេត្តនេះ ចាត់វិធានការផ្លូវច្បាប់ ចំពោះគណនី Facebook ដែលកំពុងចែកចាយបំភ្លៃ ព័ត៌មាន ជុំវិញបឹងកំពីងពួយ។

តាមលិខិតរបស់មន្ទីរធនធានទឹក ដែល Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា Facebook ដែលរងនូវការប្តឹងខាងលើមានឈ្មោះ Tommy Angkor II ដែលបានផ្សព្វផ្សាយថា អាងកំពីងពួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា លក់ឱ្យផ្នែកឯកជន ៩៩ឆ្នាំ ក្នុងលេសសម្បទាន។ មន្ទីរធនធានទឹក ខេត្តបាត់ដំបង បានអះអាងថា ការលើកឡើងខាងលើនេះ គឺជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រាជរដ្ឋាភិបាលកម្ពុជា។

មន្ទីរនេះ បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ខ្លួនដែលជាសេនាធិការ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្ត និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត យ៉ាងច្រើនក្នុងខេត្ត និងទូទាំងប្រទេស​ក្នុងគោលបំណងដើម្បីលើកស្ទួយ និងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកអាងកំពីងពួយក្រោយពី ទទួលរងការខូចខាតយ៉ាងដំណំដោយជំនន់ឆ្នាំ២០១៣ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានជួសជុលស្តារឡើងវិញ និងកំពង់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកដល់ប្រជាពលរដ្ឋ។

ខាងក្រោមនេះជាវីដេអូរបស់ ម្ចាស់ Facebook ដែលថ្លៃបំភ្លៃព័ត៌មាន ជុំវិញរឿងអាងកំពីងពួយ៖