(សៀមរាប)៖ អនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានអនុគណៈកម្មាធិការខេត្ត និងអង្គការដៃគូជាដើម។ តាមរបាយការណ៍បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានមនុស្ស១៥ពាន់នាក់ បានស្លាប់ដោយសារថ្នាំជក់។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណង ដើមី្បជម្រាបជូនដំណឹងដល់អនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ខេត្តសៀមរាប នូវទង្វើល្មើសទៅនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និង គតិយុត្តពាក់ព័ន្ធ និងស្វែងរកយន្តការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅបទល្មើសទាំងនេះ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗនៅលើពិភពលោក អ្នករងគ្រោះស្លាប់ដោយសាថ្នាំជក់ មានប្រមាណ១៥ពាន់នាក់ ដោយសារតែការប្រើប្រាស់ថ្នាំជក់ និងបន្ថែមពីលើនេះ ការប្រើប្រាស់ថ្នាំជក់បានធ្វើឲ្យខាតបង់ថវិកាជាច្រើននិងបាត់បង់ចំណូលក្នុងគ្រួសារទៀតផង។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នេះផងដែរ។
លោកបានបន្តទៀតថា ក្នុងស្ថានភាពជាក់ស្ដែង យើងពិនិត្យឃើញថា ការអនុវត្តមានភាពខ្វះចន្លោះ និងជួបប្រទះនូវបញ្ហាជាច្រើន ដូចជាមានជនឆ្លៀតឱកាសផ្សព្វផ្សាយ និងដាក់តាំងលក់ផលិតផលថ្នាំជក់ដោយពុំបានគោរពតាមច្បាប់ជាធរមាន ហើយទោះបីជានៅក្នុងបរិបទកូវីដ-១៩ ដែលយើងជួបប្រទះកន្លងមក ឃើញថា គឺមានការប្រើប្រាស់ ផ្សព្វផ្សាយ ផលិត និងជក់ ដែលអាចបង្កឱកាសជាច្រើនដល់ការឆ្លងកូវីដ-១៩ ដោយអ្នកជក់ ដោះម៉ាស់ចេញ ដើម្បីជក់បារី ប៉ុន្តែក្រុមហ៊ុនថ្នាំជក់មិនបានកាត់បន្ថយការលក់បារីឡើយ។
ផ្ទុយទៅវិញ បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់បានដាក់ចេញនូវយុទ្ធសាស្រ្តលក់ថ្មីៗសំបូរបែប ដើម្បីទាក់ទាញឲ្យមានអ្នកជក់បារី ដូចជាការទិញកញ្ចប់បារីពីអ្នកជក់វិញជាដើម។ ជាងនេះទៅទៀត យើងឃើញថាក្រុមហ៊ុនបារីមួយចំនួនបានបង្កើនសកម្មភាពលើកតម្កើងមុខមាត់របស់ខ្លួន តាមរយៈកម្មវិធីសម្បុរសធម៌ ជួយសង្គមក្នុងពេលមានវិបត្តិ ។ លោក ពិន ប្រាកដ បានបន្តទៀតថា ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើនេះ លោកសុំឲ្យសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ចាប់អារម្មណ៍ទៅលើបញ្ហាបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ដែលជាផលិតផលថ្នាំជក់ប្រភេទថ្មីដ៏មានគ្រោះថ្នាក់ ហើយកម្ពុជាយើងបានហាមឃាត់ ហើយមួយរយៈក្រោយមកនេះ វាត្រូវបានចែកចាយ និងប្រើប្រាស់ក្នុងចំណោមយុវជនគួរឲ្យបារម្ភ មិនថានៅតាមទីសាធារណៈ ឬដោយលួចលាក់។ បញ្ហានេះ គួរមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព៕