(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការ និងទទួលអំណោយជាថវិកាចំនួន ១០,០០០ដុល្លារអាមេរិក ពីឧកញ៉ា ចាង យុនហ្វឹង (ទៀ ណារ៉ាវុទ្ធ) អគ្គនាយកក្រុមហ៊ុន Golden Fortune Securities Plc, Golden Fortune Derivatives Exchange Co.,Ltd នៅអគារទីស្នាក់ការកណ្តាល សមាគមមិត្តភាព កម្ពុជា-ចិន។
ក្នុងឱកាសទទួលជួបសវនាការ លោកប្រធាន ឯក សំអុល បានរៀបរាប់អំពីប្រវត្តិ នៃទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ការបង្កើតសមាគមមិត្តភាព កម្ពុជា-ចិន និងទំនាក់ទំនងការទូត កម្ពុជា-ចិន។
ជាមួយគ្នានេះ លោក ឯក សំអុល ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ របស់ឧកញ៉ា និងលោកស្រី ដែលបានបរិច្ចាគថវិកានេះ ជូនដល់សមាគមមិត្តភាព កម្ពុជា-ចិន សម្រាប់ដំណើរការ និងការប្រព្រឹត្តទៅ នៅក្នុងគោលដៅរួមចំណែក ពង្រឹងទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន។
លោក ឯក សំអុល បានបញ្ជាក់ថា សមាគមមិត្តភាព កម្ពុជា-ចិន នឹងប្រើប្រាស់នូវថវិកាទាំងនេះ ឲ្យចំគោលដៅស្របតាមគោលការណ៍គ្រឹះ របស់សមាគមមិត្តភាព កម្ពុជា-ចិន៕