(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ គ្រោងនឹងជួយសាងសង់អគារថ្មីកម្ពស់ ៥ជាន់តម្លៃ១៦លានដុល្លារ ជូនមន្ទីរពេទ្យកុមារជាតិ នៅចុងឆ្នាំ២០២៣ខាងមុខ ដើម្បីលើកកម្ពស់ការផ្តល់សេវាជួនដល់កុមារកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ជំនួយដែលមានទឹកប្រាក់ប្រមាណ ១៦លានដុល្លារអាមរិក ក្នុងនោះមានការសាងសង់អគារមន្ទីរពេទ្យថ្មីកម្ពស់ ៥ជាន់ ដែលមានទំហំ ៨៨៨០ម៉ែត្រការ៉េ ដោយចំណាយថវិកាជាង១១លានដុល្លារ គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ និងបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹងការបំពាក់សម្ភារៈបរិក្ខារពេទ្យចំណាយ ៤លានដុល្លារ និងចំណាយផ្សេងៗជិត១លានដុល្លារ សរុប១៦លានដុល្លារ។
លោកសាស្ដ្រាចារ្យ បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នំា២០២២នេះថា អគារថ្មីនេះ មានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះ ពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹម។
លើសពីនោះ នៅមន្ទីរពេទ្យកុមារជាតិ ក៏មានបំពាក់ឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការ ដើម្បីជួយកែសម្រួលសេវាវេជ្ជសាស្ត្ររបស់មន្ទីពេទ្យឲ្យកាន់តែប្រសើរឡើង។
នាយកមន្ទីរពេទ្យកុមារជាតិ បានបន្ថែមទៀតថា ក្នុងអគារថ្មីនោះ គឺអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារ មកពីតាមបណ្តាខេត្តផ្សេងៗផងដែរ ហើយនៅពេលអគាថ្មីនេះសាងសង់រួចរាល់ មន្ទីរពេទ្យនឹងអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺបន្ថែមទៀត អាចកើនដល់ជាង៦០០គ្រែ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង ក្រសួងសុខាភិបាល បានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពីលោក ហ៊ី យ៉ុនជុន រ៉ូ (Hyunjun Rho ) នាយកប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា និងលោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល៕