(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជួញដូរ ថ្នាំញៀនម្នាក់និងដកហូតបានថ្នាំញៀន បាន១កញ្ចប់ធំ នៅចំណុចផ្លូវកែងសាលាប៊ែលធី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកយុត្តិធម៌ ខណ្ឌឬស្សីកែវ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយមានកិច្ចសហការជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុខ ចិន ហៅចិន អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងដកហូតបានគ្រឿងញៀន១កញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង។

នាយរងផ្នែកទទួលផែនយុត្តិធម៌ ខណ្ឌឫស្សីកែវ បានបន្តថា ជំហ៊ានដំបូង កម្លាំងនគរបាលបានសហការ ឃាត់ខ្លួនជនសង្ស័យខាងលើ ឆែកឆេរដកហូតបានថ្នាំញៀន១កញ្ចប់ធំ មានតម្លៃ២៥ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿងមក បន្តសួរនាំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ខណៈនោះជនត្រូវសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេបានលាក់ទុកគ្រឿង ញៀនមួយចំនួនទៀត នៅក្នុងបន្ទប់ជួល ដែលស្នាក់នៅជាមួយប្រពន្ធ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបកម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ ធ្វើការទាក់ទងតាមទូរស័ព្ទ ទៅស្ត្រីជាប្រពន្ធឈ្មោះ នាង មករា ដើម្បីឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធ និងបុរសជាប្ដីដែលបានធ្វើសកម្មភាពជួញដូរថ្នាំញៀន។  

លោក ម៉ៅ ចាន់ថុន បានបន្ថែមទៀតថា ក្រោយទទួលបានចម្លើយសារ ភាពពីជនសង្ស័យភ្លាម នៅល្ងាចថ្ងៃដ៏ដែលនេះ ដោយមានការ ដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ និងលោកក្រឡាបញ្ជី ផាន់ លីវ៉ា បានសហការ ជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ និងប៉ុស្ដិ៍បានបន្តនាំខ្លួនជនសង្ស័យ ទាំង២នាក់ប្ដីប្រពន្ធទៅឆែកឆេរ បន្ទប់ជួល នៅសង្កាត់ស្រះចក ខណ្ឌដូន ពេញដើម្បីស្វែងរកវត្ថុតាងគ្រឿងញៀនបន្ថែមផងដែរ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការរបស់ សមត្ថកិច្ចក្នុងការរុករកបន្តជាលើកទី២ នៅក្នុងបន្ទប់ជួលនេះមិនទទួលបាន ជោគជ័យនោះឡើយ ដោយប្រតិបត្តិការឆែក ឆេរនេះ រកឃើញតែថវិកាជិត១ពាន់ដុល្លារ និងម៉ូតូ MSX ១គ្រឿង តែប៉ុណ្ណោះ ព្រោះហេតុថា ជនត្រូវសង្ស័យ និងបក្ខពួកបាន ដឹងខ្លួនមុន ហើយបាននាំយកគ្រឿងញៀនចេញអស់បាត់ទៅហើយ ខណៈនោះសមត្ថកិច្ចបានដាក់ការ សង្ស័យថា ពាក់ព័ន្ធសកម្មភាពជួញដូរគ្រឿងញៀន ទើបសម្រេចនាំខ្លួនទាំង២នាក់ប្ដីប្រពន្ធ រួមទាំងវត្ថុតាងពាក់ព័ន្ធទៅសួរនាំបន្ថែមនៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង។  ក្រោយការស្រាវជ្រាវសួរនាំជាច្រើនម៉ោង កម្លាំងនគរបាល បានរកឃើញថា ស្ត្រីជាប្រពន្ធ ពុំបានដឹងពីសកម្មភាពជួញ ដូរគ្រឿងញៀនរបស់បុរសជាប្ដីឡើយ ទើបកម្លាំងសមត្ថកិច្ច សម្រេចឱ្យស្ត្រីជាប្រពន្ធ យកឯកសារពាក់ព័ន្ធ និងមូតូម៉ាMSX១គ្រឿង មកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅវិញ ព្រមទាំងសម្រេចប្រគល់ថវិកាដែលដកហូតប្រមាណជាង១ពាន់ដុល្លា ឱ្យទៅស្ត្រីជាប្រពន្ធត្រឡប់ទៅផ្ទះវិញផងដែរ ។

ចំណែកបុរសជាប្ដីរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបន្តឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូន បន្តទៅអយ្យការសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី៕