(តាកែវ)៖ គ្រឿងញៀនចំនួនជិត១០០គីឡូ ដែលបង្រ្កាបបានដោយសមត្ថកិច្ចនៅក្នុងខេត្តចំនួន៣គឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ត្រូវបានប្រមូលយកមកដុតបំផ្លាញចោលនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នៅក្នុងកម្មវិធី អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព មនុស្សធម៌» នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
គ្រឿងញៀន ដែលត្រូវដុតបំផ្លាញចោល សរុបទាំង៣ខេត្ត (តាកែវ កណ្តាល និងកែប) រួមមាន៖
*ទី១៖ គ្រឿងញៀន MDMA (ថ្នាំគ្រវី) និងល្បាយសារធាតុគីមីផ្សំ សរុបទម្ងន់ ៩៧,៩៨៣.៨២ក្រាម (ជាង៩៧គីឡូ)។
*ទី២៖ មេតំហ្វេតាមីន (Ice) សរុបទម្ងន់ ១,៨៤៧.២៨ក្រាម (ជិត២គីឡូ)។
*ទី៣៖ កញ្ឆាក្រៀម ៥,៥០គីឡូ ហើយក្នុងចំណោមគ្រឿងញៀនដែលដុតបំផ្លាញចោលនោះគឺគ្រឿងញៀន៩៩% ជារបស់ខេត្តកណ្តាលដែលធ្វើការបង្រ្កាបបាន។
នាឱកាសនោះដែរលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានលើកទឹកចឹត្តដល់សមត្ថកិច្ចឲ្យបន្តសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្រ្កាប គ្រឿងញៀន ឲ្យអស់ពីមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះគ្រឿងញៀនវាជាដើមហេតុបង្កឱ្យមានអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលត្រូវដោះស្រាយ។
បន្ថែមពីនេះ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់សមត្ថកិច្ចដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ សូមកុំយកខ្លួនទៅ អន្តរាគន៍ ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឱ្យសោះហើយបើករណីយ៍រកឃើញមានមន្រ្តីណាមួយពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀនត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយគ្មាការលើកលែងនោះទេ៕