(ភ្នំពេញ)៖ ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ មិនមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះឡើយ។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទៅសមាជិករាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទលបាននៅថ្ងៃនេះ។

ទោះជាយ៉ាងនេះក្តី ក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មិនបានបញ្ជាក់ពីមូលហេតុនៃការលើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃសុក្រសប្តាហ៍ក្រោយនេះឡើយ។

សូមបញ្ជាក់ថា យោងទៅតាមរបៀបរបបរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរាល់ថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ ដើម្បីពិនិត្យ និងសម្រេចលើកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ទាំងឡាយដែលបានតាក់តែងឡើង៕