(កំពង់ធំ)៖ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) បានរៀបចំបើកវគ្គបណ្តុះបណ្តាលការបង្វឹកបន្ថែមសមត្ថភាពដល់សហគមន៍ទៅលើប្រធានបទស្តីពី ជំនាញក្នុងការសរសេររបាយការណ៍ និងការសរសេរកំណត់ហេតុ នៅក្នុងខេត្តកំពង់ធំ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ផល់ ភត្រា ជំនួយការគម្រោងវគ្គបណ្តុះបណ្តាល និងមានការចូលរួមពីប្រជាសហគមន៍ទាំង៩ក្រុង ស្រុក ប្រមាណ ៤៥នាក់ ស្រី២៨នាក់ នៅសណ្ឋាគារដំរីជាន់ខ្លា វល្លិ៍មាស នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក ផល់ ភត្រា បានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានកំពុងអនុវត្តគម្រោងសំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាពក្នុងប្រទេសកម្ពុជា (២០២០-២០២២) ក្រោមជំនួយឧបត្ថមគាំទ្រថវិកាពីព្រះវិហារ ដាណឺម៉ាក ឌី ស៊ី អេ (DCA) និងអង្គការប្រេឌ ហ្វ័រ ដឹវើល (Bread for the World)។ ការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆិតានេះមានគោលបំណងរួមក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសកាន់តែមាននិរន្តរភាព។
លោកបានបន្តថា ដើម្បីបង្ហាញការងារដែលបានធ្វើដល់អ្នកពាក់ព័ន្ធអំពីដំណើរការរីកចម្រើន ការប្រឈម និងផែនការបន្ត (ដំណោះស្រាយ) សហគមន៍ចាំបាច់ត្រូវមានរបាយការណ៍។ របាយការណ៍ គឺជាសារដែលមានការរៀបរយ និងមានគោលបំណងច្បាស់លាស់ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីនាំព័ត៌មានពីផ្នែកមួយទៅផ្នែកមួយទៀត ឬពីស្ថាប័នមួយទៅស្ថាប័ន មួយផ្សេងទៀត ដើម្បីផ្សព្វផ្សាយព័ត៌មាន ឬដើម្បីជាជំនួយក្នុងការធ្វើសេចក្ដីសម្រេចចិត្តដោះស្រាយបញ្ហា។
ចំណែកការសរសេរកំណត់ហេតុប្រជុំ គឺជាកំណត់ត្រាដែលសរសេរជាផ្លូវការអំពីកិច្ចប្រជុំហើយកំណត់ហេតុនេះ មិនមែនជាកំណត់ត្រានៃអ្វីគ្រប់យ៉ាងដែលត្រូវបានគេនិយាយនៅក្នុងកិច្ចប្រជុំទាំងស្រុងនោះទេ តែផ្ទុយទៅវិញវា គឺជាការសង្ខេបនៃចំណុចសំខាន់ៗដែលអ្នកចូលរួមបានពិភាក្សា និងចំណុចសកម្មភាពជាបន្តបន្ទាប់ដែលអ្នកចូលរួមបានសម្រេចចិត្ត។
លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការកសាងសមត្ថភាពដល់អង្គការ សហគមន៍មូលដ្ឋាននូវជំនាញក្នុងការសរសេររបាយការណ៍ ការសរសេរកំណត់ហេតុ និងគោលគំនិតសំខាន់ៗក្នុងការសរសេរ របាយការណ៍បានល្អ មានអត្ថន័យពេញលេញក្នុងការតស៊ូមតិរបស់សហគមន៍ ដើម្បីធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្ត, ដើម្បីតាមដានត្រួតពិនិត្យ និងធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តការបំពេញទម្រង់ព័ត៌មានរបាយការណ៍, ចែករំលែកនូវព័ត៌មានបទពិសោធន៍ បញ្ហាជួបប្រទះ និងលទ្ធផលការងារកន្លងមក។
ជាមួយគ្នានោះលោក ផល់ ភត្រា សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីនៅក្នុងសហគមន៍ទាំងអស់ដែលបានមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះអាចការកត់ត្រាឯកសារ និងធ្វើរបាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកំណត់ និងវិភាគអំពីបញ្ហារបស់សហគមន៍ដូចជាអ្វីដែលជាចំណុចខ្សោយ និងចំណុចខ្លាំង ដែលជាមេរៀនសម្រាប់យកទៅអនុវត្តនៅសហគមន៍របស់ខ្លួន៕