(ភ្នំពេញ)៖ មួយថ្ងៃបន្ទាប់ពីការប្រកាសពីកាលបរិច្ឆេទផ្លូវការ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមកបញ្ជាក់ថា ការប្រកាសបង្ហាញ កាលបរិច្ឆេទមុនពេលច្បាប់កំណត់នេះ ដើម្បីសម្រួលឲ្យគ្រប់ភាគីពាក់ព័ន្ធ មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀលក្ខណៈសម្បត្តិទទួលយកការបោះឆ្នោតមួយនេះ។ សម្តេចនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងគ្មានការអត្ថាធិប្បាយណាមួយឲ្យលើសពីអ្វី ដែលសម្តេចបានលើកឡើងនេះឡើយ ជុំវិញការប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមច្បាប់នាយករដ្ឋមន្រ្តី អាចប្រកាសថ្ងៃបោះឆ្នោតមុនពេលកំណត់ ៩ខែ តែបើប្រកាសមុនប្រហែលមួយឆ្នាំ ក៏មិនខុសនោះដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ការប្រញាប់ប្រញាលប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនេះ ដើម្បីផ្តល់ពេលវេលាដល់គ្រប់ភាគី ពាក់ព័ន្ធរួមមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋត្រៀម លក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា សម្រាប់រៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយភាពល្អប្រសើរ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្ហាញកាលបរិច្ឆេទនេះ ក៏ជួយក្រសួងមហាផ្ទៃ ខិតខំពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណ ២លាននាក់ទៀត។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងគ្មានយករឿងកំណត់កាលបរិច្ឆេទបោះឆ្នោតនេះ ទៅធ្វើអត្ថាធិប្បាយ ឬបកស្រាយអ្វីផ្សេងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «សង្ឃឹមថា មិនមានការវិភាគណាផ្សេង ក្រៅពីអ្វីដែលខ្ញុំធ្វើអត្ថាធិប្បាយនេះទេ ។ នេះគឺសំដៅ សម្រួលឲ្យទាំងអស់គ្នា សម្រួលទាំងប្រជាពលរដ្ឋ សូម្បីប្រជាពលរដ្ឋចង់ចូលរួមបោះឆ្នោត ក៏អាចសម្រួលពេលវេលា […]។ […] បើយើងប្រកាសចេញពីចម្ងាយ ដូច្នេះ គឺអាចត្រៀមរៀបចំខ្លួនបានទាំងអស់គ្នា ទាំងស្ថាប័នអនុវត្ត ទាំងបក្សនយោបាយទាំងអស់ ដែលត្រូវចូលរួមបោះឆ្នោត ហើយទាំងបុគ្គលជាអ្នកបោះឆ្នោត ក៏ត្រៀមរៀបចំសម្រាប់ការបោះឆ្នោត»។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា ការបង្ហាញកាលបរិច្ឆេទនេះ ក៏ជួយឲ្យគណបក្សនយោបាយមានពេលវេលារៀបចំចាត់ចែងបេក្ខជន សម្រាប់ធ្វើក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាបេក្ខជនត្រូវរៀបចំខ្លួន សម្រាប់ធ្វើជាមេឃុំ និងចៅសង្កាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណបណ្ណ និងទៅចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីចូលរួម បោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សូមបញ្ជាក់ថា ការប្រកាសបង្ហាញកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ហាក់គ្មានបក្សនយោបាយណាមួយបង្ហាញប្រតិកម្មនោះឡើយ។ ក្នុងនោះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានទទួលយកនូវការប្រកាសនេះ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នា ទៅចុះឈ្មោះបោះឆ្នោត និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕