(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌទួលគោក ដើរថ្មើរជើងជាង ៣ម៉ោង ចុះពិនិត្យមើលប្រឡាយស្ថានភាពទឹក ដើម្បីរិះរកវិធានការរំដោះការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សា
ដំណើរថ្នើរជើងរបស់លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយបឹងទំពន់ រហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយបញ្ចប់នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។
ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង អោយបានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅរាជធានីភ្នំពេញ របស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលយើងត្រូវតែត្រៀមលក្ខណៈ ដើម្បីទប់ទល់កុំអោយលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។
លោក ឃួង ស្រេង បានលើកឡើងថា «បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាកង្វល់របស់អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ។ ដូច្នេះ ទាំងអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នារិះរកឱ្យអស់ គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកអោយទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ ចំពោះមុខនេះ យើងត្រូវស្តារ កាយប្រឡាយទឹកឱ្យហូរអោយបានលឿនមកស្ថានីយបឹងទំពុន និងមួយផ្នែកទៀត ត្រូវស្តារ និងកាយប្រឡាយទឹកនេះឱ្យហូរទៅប្រឡាយបារាំង ដើម្បីឱ្យទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ»។
គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណា អោយទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕