(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់ ៥% ទៀត ទាក់ទងផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា មុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ក្រសួងនឹងរៀបចំធ្វើស្តតផ្សព្វផ្សាយ ដើម្បពន្យល់ដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ប្រើផ្លូវល្បឿនលឿន ពីមុនមក ឱ្យបានដឹងពីរបៀបប្រើប្រាស់ផ្លូវនេះផងដែរ៕