(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាំង វណ្ណៈ អ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយគ្រប់កម្មវិធីកងទ័ពនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ (TV5) និងជានាយទាហានបម្រើការនៅនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានទទួលមរណភាព នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល។

បើតាមមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកវរសេនីយ៍ឯក សាំង វណ្ណៈ គាត់ធ្លាក់ខ្លួនឈឺ និងបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន១.៧៩) ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យជំនាញជាដើម ប៉ុន្តែដោយសារតែស្ថានភាពរបស់លោកធ្ងន់ធ្ងរពេកទើបមិនអាចជួយសង្គ្រោះបាន។

មន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងបន្តថា ការបាត់បង់លោកវរសេនីយ៍ឯក សាំង វណ្ណៈ គឺជាការបាត់បង់យុទ្ធមិត្តមួយរូបដែលមានស្នាដៃបំពេញការងារជូនស្ថាប័នកងទ័ព ជាពិសេសផ្នែកអត្ថាធិប្បាយព័ត៌មាន ដែលមានទឹកដមផងដែរ។

សពលោក សាំង វណ្ណៈ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះវិហារ យ៉េស៊ូគ្រឹះ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕