(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា លោកពិតជាមានមោទកភាពយ៉ាងខ្លាំង ចំពោះកូនក្មួយជាសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់ សម្រាប់ឱកាសដែលទទួលបានមជ្ឈមណ្ឌលអប់រំក្រៅប្រពន្ធ័សិក្សាស្រាវជ្រាវលើផ្នែកអេឡិចត្រូនិកយានយន្ត ដែលបង្កើត និងឧបត្ថម្ភឡើងក្រោមជំនួយគាំទ្ររបស់ដៃគូឡៃអិនក្លឹប (LION CLUB) នៃសាធារណៈរដ្ឋកូរ៉េ។
ការថ្លែងឡើងដូច្នេះ គ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតក្នុងវិទ្យាល័យហ៊ុន សែន ចំបក់ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ អគារនេះ នឹងក្លាយទៅជាកន្លែងរៀន នឹងអនុវត្តដោយផ្ទាល់ទៅលើគ្រឿងអេឡិចត្រូនិចភាសាអង់គ្លេស និងភាសាកូរ៉េជាដើម។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលនេះពិតជាមានប្រយោជន៍សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប បានសិក្សាស្រាវជ្រាវនិងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដើម្បីមានឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀតផង»។
ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ក៏បានរំលឹកឡើងវិញផងដែរថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលពីមុនជាតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ ជាសមរភូមិក្តៅ អសន្តិសុខ និងពោរពេញដោយគ្រាប់មីន នៅពាសពេញដី តែក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានកែប្រែតំបន់នេះឱ្យក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍និងកស-ឧស្សាហកម្ម ហើយនាពេលអនាគតខេត្តនេះ ក៏នឹងប្រែក្លាយឱ្យទៅជាតំបន់ពាណិជ្ជកម្មផងដែរ។
ទន្ទឹមនិងការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ សាលារៀនដែលថ្នាលបណ្តុះនូវចំណេះដឹងធនធានមនុស្ស ក៏ត្រូវបានរីកដុះដាលឡើងតាំំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យពីទីជនបទរហូតដល់ទីប្រជុំជន។
ជាមួយនិងការរីកដុះដាលនេះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះក្រៅប្រព័ន្ធ ក៏ត្រូវបានបង្កើតឡើងទន្ទឹមគ្នានេះដែរ ដែលធ្វើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋនៃខេត្តកំសត់នេះ បែរជាមានសំណាងលើសគេទៅវិញ មានឱកាសទទួលបានការបណ្តុះបណ្តាលភាសាកូរ៉េ អង់គ្លេស បច្ចេកទេសជួសជុលរថយន្តនិងបរិក្ខាអេឡិចត្រូនិក ហើយពិសេសនៅពេលបញ្ចប់ការសិក្សាអាចមានឱកាសធ្វើការជាមួយក្រុមហ៊ុនកូរ៉េ នៅក្នុងស្រុក ឬក៏អាចចេញមានឱកាសចេញទៅធ្វើការនៅប្រទេសកូរ៉េតែម្តង។
លោកបន្តថា ស្របពេលដែលខេត្ត ត្រូវបានទទួលការគិតគូរពីរាជរដ្ឋាភិបាល និងក្រោមការខិតខំអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្ត សូមកូនក្មួយជាសិស្សានុសិស្ស និងយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ កសាងអនាគតខ្លួនឯង អនាគតគ្រួសារ និងសង្គមជាតិឱ្យសមដូចពាក្យស្លោករបស់ប្រមុខដឹកនាំដែលលើកឡើងថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចដើម្បីខ្លួនឯង គ្រួសារ និងសង្គម៕