(ព្រះវិហារ)៖ ក្រុមហ៊ុន អង្គរ ប្លាយវ៉ូដ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាសាធារណៈ ស្តីពីការផ្សព្វផ្សាយអំពីសក្តានុពល និងអត្ថប្រយោជន៍ដែលនឹងទទួលបានពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍ការដាំដុះដំណាំឈើប្រភេទដើមប្រេងខ្យល់ (Eucalyptus) នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និងវិនិយោគ និងក្រុមហ៊ុន ភី.អិន.ធី ខូ អិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
វេទិកានេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ «វត្តបង្កន» ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ និងមានការចូលរួមពី លោក ពឹង ទីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យរដ្ឋបាលខេត្តព្រះវិហារ និងក្នុងនាមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ, លោកអភិបាលរងស្រុកវៀង, លោកនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង, លោក លោកស្រី ប្រធានក្រុមប្រឹក្សា និងមេឃុំរៀបរយ, លោកនាយប៉ុស្ត៍រដ្ឋបាលឃុំរៀបរយ និងសហការីអមដំណើរ ព្រមទាំងប្រជាពលរដ្ឋចូលរួមមកពីចំនួន០២ភូមិ គឺភូមិបង្កន និងភូមិស សរុបចំនួន៨៦នាក់។
នាឱកាសនោះដែរ លោកស្រីក្រុមប្រឹក្សាឃុំរៀបរយ បានជម្រាបជូនអំពីគោលបំណងនៃអង្គវេទិកាសាធារណៈនាឱកាសនេះ គឺក្រុមហ៊ុន ធី ង៉ា និងក្រុមហ៊ុន ភី.អីន.ធី នឹងចាប់ផ្តើមចុះអនុវត្តការដាំដុះដំណាំឈើប្រភេទដើមប្រេងខ្យល់ (Eucalyptus) នៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំង២ និងស្នើសុំឱ្យមានការចូលរួមសហការ និងគាំទ្រពីប្រជាពលរដ្ឋ ដើម្បីឱ្យដំណើការអនុវត្តគម្រោងវិនិយោគនេះទទួលបានលទ្ធផលជោគជ័យ។
លោក ពឹង ទីដា បានថ្លែងថា ក្រុមហ៊ុន ធី ង៉ា ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី ឯកភាពយល់ព្រមជាគោលការណ៍ផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំនួន ៦,០៦០ហិកតា និងក្រុមហ៊ុន ភី.អិន.ធី ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រី ឯកភាពយល់ព្រមជាគោលការណ៍ផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំនួន ៧,៩០០ហិកតា សម្រាប់វិនិយោគអភិវឌ្ឍន៍ដាំដុះដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល ក្រុមហ៊ុន ធី ង៉ា អនុវត្តការដាំដុះដំណាំកៅស៊ូបានចំនួន ១០០ហិកតា, អាកាស្យាបានចំនួន ២៥០ហិកតា, ស្វាយចន្ទីបានចំនួន ៩០ហិកតា (ប៉ុន្តែ ត្រូវងាប់អស់ទៅវិញ) និងប្រេងខ្យល់បានចំនួន ៤០០ហិកតា។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែង នៃផ្ទៃដីមិនមានលក្ខណៈអំណោយផលជាមួយនិងការដាំដុះដំណាំកៅស៊ូ, ក្រុមហ៊ុនទាំង២ ក៏បានសិក្សាលម្អិតបន្ថែមទៀតពីអ្នកជំនាញបច្ចេកទេស រួមទាំងសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថាផ្ទៃដីនៅក្នុងតំបន់ខាងលើនេះ គឺពិតជាមិនមានលក្ខណៈអំណោយផលសម្រាប់ដំណាំកៅស៊ូឡើយ ហើយក្រុមការងារបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនទាំង២ ពិចារណាលើការដាំដុះប្រភេទដំណាំផ្សេងៗជំនួសវិញ នៅលើផ្ទៃដីដែលនៅ
សល់ និងមិនកបនឹងដំណាំកៅស៊ូ ហើយក៏ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកភាពសម្រេចជាគោលការណ៍លើការស្នើសុំកែសម្រួលផែនការមេជាបន្តបន្ទាប់នារយៈពេលកន្លងមកផងដែរ។
បើតាមលោក ជា ពៅ ប្រធានក្រុមហ៊ុន អង្គរ ប្លាយវ៉ូដ បានឱ្យដឹងថា «ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនមួយដែលមានជំនាញបច្ចេកទេស និងបទពិសោធន៍ច្បាស់លាស់ក្នុងឧស្សាហកម្មដាំដុះ និងកែច្នៃដើមប្រេងខ្យល់មានរយៈពេលជាង ៣០ឆ្នាំមកហើយ ជាពិសេសក្រុមហ៊ុនមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីវិនិយោគលើការងារនេះ។ ដោយមើលឃើញថា ក្រុមហ៊ុនទាំង២នេះ បានទទួលនូវដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជាយូរហើយ ហើយនៅមិនទាន់មានការអភិវឌ្ឍការដាំដុះដំណាំអ្វីនៅឡើយ, ដូច្នេះ ក្រុមហ៊ុនរបស់លោកបានសម្រេចចាប់ដៃគូរសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍ដាំដុះដំណាំកសិឧស្សាហកម្ម (ដាំដើមប្រេងខ្យល់) ជាមួយក្រុមហ៊ុនទាំង២ ដើម្បីអនុវត្តបញ្ចប់គម្រោងដាំដុះនៅលើផ្ទៃដីទាំងមូលឱ្យស្របទៅតាមផែនការមេនៃគម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មរបស់ក្រុមហ៊ុននៅលើផ្ទៃដីព្រៃរិចរិល ដើម្បីប្រែក្លាយឱ្យទៅជាដីគម្របព្រៃឈើបៃតងឡើងវិញ យ៉ាងយូរក្នុងឆ្នាំ២០២៣ខាងមុខនេះ ប្រសិនបើមិនមានឧបសគ្គអ្វីមករារាំងនោះទេ»។
លោក ជា ពៅ បានបន្តថា ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបាននឹងកំពុងវិនិយោគអភិវឌ្ឍន៍ដាំដើមប្រេងខ្យល់នេះ នៅលើផ្ទៃដីជាង ១០,០០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ប្រកបដោយជោគជ័យ។ ដូច្នេះ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ ក្រុមហ៊ុននឹងធ្វើការដឹកជញ្ជូនទៅទស្សនកិច្ចផ្ទាល់ដល់ទីតាំងដាំដុះ, ទីតាំងរោងចក្រកែច្នៃផលិតផល និងទីផ្សារលក់ផលិតផលផងដែរ ដោយក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយទាំងអស់។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា «ប្រសិនបើបងប្អូនមានផ្ទៃដីសល់ទំនេរដែលមិនអាចដាំប្រភេទដំណាំផ្សេងៗបានបងប្អូនអាចសហការធ្វើការដាំដុះដើមប្រេងខ្យល់នេះជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុននឹងផ្តល់នូវពូជ និងបច្ចេកទេសដាំដុះ ហើយនៅពេលទទួលផលក្រុមហ៊ុននឹងចុះប្រមូលទិញដល់ទីតាំងផ្ទាល់តែម្តង។ ដូចនេះ ដើម្បីឱ្យការវិនិយោគគម្រោងខាងលើទទួលបានលទ្ធផលជោគជ័យ និងទទួលបាននូវផ្លែផ្កាក៏ដូចជាការលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការដាក់ទុនវិនិយោគបន្តទៀត ខ្ញុំសូមស្នើសុំរដ្ឋបាលខេត្តព្រះវិហារ ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋផ្ទាល់ សូមមេត្តាជួយគាំទ្រនូវអត្ថប្រយោជន៍ដែលនឹងទទួលបានពីគម្រោងថ្មីរបស់ក្រុមហ៊ុន ធី ង៉ា និងក្រុមហ៊ុន ភី.អិន.ធី ក្នុងការចាប់ដៃគូរសហការដាំដើមឈើប្រេងខ្យល់នេះ»។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានថ្លែងថា ក្រុមហ៊ុន ធី ង៉ា និងក្រុមហ៊ុន ភី.អិន.ធី ត្រូវបានក្រុមការងារដីរដ្ឋខេត្តព្រះវិហារ ចុះបោះបង្គោលសម្គាល់ព្រំដីសម្បទានសេដ្ឋកិច្ច និងកាត់ឆ្វែលផ្ទៃដីពាក់ព័ន្ធ ដែលប្រជាពលរដ្ឋបានចូលទន្ទ្រានកាន់កាប់ចាប់យកធ្វើកម្មសិទ្ធិខុសច្បាប់រួចរាល់អស់ហើយ, ហើយក្រុមហ៊ុនទាំង២ ក៏បានចុះបញ្ជីដីរួចរាល់ផងដែរ។ ដូច្នេះ សូមបងប្អូនកុំបន្តការរុករានថ្មីៗទៀត ដែលជាការធ្វើឱ្យរាំងស្ទះដល់ដំណើការអភិវឌ្ឍគម្រោងដាំដុះដើមប្រេងខ្យល់របស់ក្រុមហ៊ុន។ បើ មិនដូច្នេះទេ ក្រុមហ៊ុនគេនឹងអនុវត្តតាមនីតិវិធីច្បាប់ហើយ។
លោកអភិបាលរងស្រុករវៀង បានបញ្ជាក់ថា «រដ្ឋបាលស្រុកសូមស្វាគមន៍ចំពោះគម្រោងដាំដុះដើមឈើប្រេងខ្យល់ របស់ក្រុមហ៊ុនដៃគូសហការនេះ ដោយសារក្រុមហ៊ុនទាំង២ខាងលើ បានទទួលដីសម្បទានសេដ្ឋកិច្ចជាយូរមកហើយ តែក្រុមហ៊ុនអនុវត្តការដាំដុះមិនទទួលបានលទ្ធផលជោគជ័យឡើយ។ ដូច្នេះ ប្រសិនបើគម្រោងថ្មីនេះទទួលបានលទ្ធផលជោគជ័យ នឹងបានជួយប្រែក្លាយឃុំរៀបរយ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន, ប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងជួយទ្រទ្រង់ជីវភាពរស់នៅឱ្យមានភាពល្អប្រសើរ ហើយសូមឱ្យបងប្អូនកុំជឿសម្តីញុះញុងពីជនអនាធិបតេយ្យមួយចំនួនតូច ដែលបានមកបំផុសបំផុលបំពុលបរិកាសធ្វើឲ្យខូចខាតដល់ផលប្រយោជន៍យូរអង្វែងរបស់ក្រុមហ៊ុន និងធ្វើឱ្យប្រជាពលរដ្ឋដែលមានចំណេះដឹងមានកម្រិតងាយនឹងរងគ្រោះនូវទង្វើប្រព្រឹត្តិខុសច្បាប់ផ្សេងៗតាមការអូសទាញរបស់ជនអនាធិបតេយ្យទាំងនេះ»។
លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា គោលបំណងនៃវេទិកានេះ គឺចង់ផ្សព្វផ្សាយ និងសូមឱ្យមានចូលរួមសហការ និងការគាំទ្រពីប្រជាពលរដ្ឋចំពោះគម្រោងវិនិយោគការដាំដុះដំណាំដើមឈើប្រេងខ្យល់នេះ ស្របតាមគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសូមសំនូមពរប្រជាពលរដ្ឋកុំបន្តរុករានទន្ទ្រានកាន់កាប់ចាប់យកដីធ្វើកម្មសិទ្ធិខុសច្បាប់ថ្មីៗទៀត។
លោកថាចំពោះដីធ្លីដែលក្រុមការងារគ្រប់គ្រងដីរដ្ឋខេត្តបានសម្រេចកាត់ឆួលរួចរាល់ហើយ បងប្អូនអាចអាស្រ័យផលបានបើបងប្អូនមិនមានលទ្ធភាពដាំដុះ បងប្អូនអាចសហការដាំដុះដើមប្រេងខ្យល់ជាមួយក្រុមហ៊ុនបាន។ ដោយឡែកបើបងប្អូននៅតែបន្តរុករានថ្មីទៀត ក្រុមហ៊ុនក៏ដូចជាអាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋព្រៃឈើ នឹងអនុវត្តតាមនីតិវិធីច្បាប់។ ជាគោលការណ៍ ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល គឺមានបំណងចង់ធ្វើការវិនិយោគអភិវឌ្ឍន៍តែប៉ុណ្ណោះ ដោយក្រុមហ៊ុនគ្មានបំណងមកបង្កជាជម្លោះទាស់ទែងជាមួយប្រជាពលរដ្ឋឡើយ។
លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះអង្គវេទិកាសាធារណៈនាឱកាសនេះ ប្រកបដោយស្មារតីសាមគ្គីភាព និងភាពក្អាក់ក្អាយសប្បាយរីករាយ ព្រមទាំងបានជូនពរដល់ក្រុមការងាររៀបចំ អ្នកចូលរួមទាំងអស់ ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចបានជោគជ័យគ្រប់ភារៈកិច្ច ជាពិសេសសូមជៀសផុតនូវការឆ្លងជំងឺកូវីដ១៩៕