(សៀមរាប)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀបរាប បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់របស់ប្រធានសមាគមវារីវប្បករកម្ពុជា ដែលចូលហ៊ុនគ្នារកស៊ីបើកយឿប្រមូលទិញត្រីពីកសិករ នៅជុំវិញខេត្តសៀមរាប។

ជនសង្ស័យករណីឆបោកប្រាក់នេះ មានឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តឹងរបស់លោក សុខ រ៉ាដែន ដែលគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា។

លោក សុខ រ៉ាដែន បានបញ្ជាក់ឲ្យដឹងថា លោកពិតជាបានចាញ់ការឆបោកពីឈ្មោះ សុខ យ៉ន ជាប្តី និងប្រពន្ធឈ្មោះ ស៉ិន ផល្លា ដោយពួកគេបានបបួលលោកចូលហ៊ុនគ្នារកស៊ី ដើម្បីធ្វើប្រតិបត្តិការទិញត្រីរបស់បងប្អូនវារីវប្បករ នៅជុំវិញខេត្តសៀមរាប។

ប្តីប្រពន្ធទាំង២នាក់ និងលោក សុខ រ៉ាដែន បានសម្រេចចូលហ៊ុនគ្នាម្នាក់៥០ភាគរយ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក សុខ រ៉ាដែន បានប្រគល់លុយ២ម៉ឺនដុល្លារ ជូនប្តីប្រពន្ធទាំងតាមរយៈ ABA ប៉ុន្តែប្តីប្រពន្ធទាំង២នាក់មិនបានដាក់៥០ភាគរយ តាមចំណែករបស់ខ្លួនទេ ហើយថែមទាំងយកប្រាក់ ២ម៉ឺនដុល្លារ របស់លោក សុខ រ៉ាដែន នោះទៅប្រើប្រាស់ផ្ទាល់ខ្លួនថែមទៀត។ ក្រោយមកលោក សុខ រ៉ាដែន បានទាមទារឲ្យប្តីប្រពន្ធទាំង២នាក់ សងប្រាក់របស់ខ្លួនមកវិញ តែពួកគេគេចវេះមិនសង ហើយបានប្លុកលេខទូរស័ព្ទរបស់លោក សុខ រ៉ាដែន ចោល មិនអាចទាក់ទងបានថែមទៀត ទើបលោក សុខ រ៉ាដែន សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាប្តី។

ជាមួយគ្នានេះលោក សុខ រ៉ាដែន បានអំពាវនាវដល់វារីវប្បករ ក៏ដូចជាអ្នកចិញ្ចឹមត្រីផងដែរ សូមកុំចាញ់បោកជននេះ៕