(ក្រចេះ)៖ លោកគ្រូ អ្នកគ្រូ ជាង៨០ភាគរយ នៃវិទ្យាល័យថ្មក្រែ នៅឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើកូដកម្មមិនព្រមចូលបង្រៀន ដោយពួកគាត់ទាមទារឲ្យថ្នាក់ដឹកនាំមន្ទីរ ក្រសួង ផ្លាស់ប្ដូរនាយកសាលាចេញ ព្រោះលោកនាយកសាលាមិនចេះគ្រប់គ្រង ហើយប្រកាន់បក្ខពួកធ្វើឲ្យសាលាអន់ថយធ្លាក់ដល់ចំណុចសូន្យ។
ករណីដែលលោកគ្រូ អ្នកគ្រូ មិនព្រមចូលបង្រៀន ចាច់តាំងពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ មិនទាន់ចូលបង្រៀននៅឡើយទេ បណ្ដោយឲ្យសិស្សខកខានការសិក្សា និងឈប់រប៉ាត់រប៉ាយពេញសាលា ជាពិសេសសិស្សថ្នាក់ទី១២ ជិតដល់ថ្ងៃប្រលងហើយ គ្រូមិនព្រមចូលបង្រៀនទៀត។
ក្រុមលោកគ្រូ អ្នកគ្រូ បានឲ្យដឹងថា លោក ស៊ុន ម៉េងកាន នាយកសាលាវិទ្យាល័យថ្មក្រែសព្វនេះ គ្រប់គ្រងមិនច្បាស់លាស់ ដឹកនាំប្រកាន់បក្ខពួកនិយម ធ្វើអ្វីតាមតែចិត្តនឹកឃើញ មិនដែលពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ ឫលោកនាយរងនោះទេ ហើយមិនដែលស្ដាប់យោបល់ពីបុគ្គលិកទេ។
លោកគ្រូ-អ្នកគ្រូ បន្ដថា រឿងដែលចង់អភិវឌ្ឍនសាលា គាត់មិនមានការសួរយោបល់ពីបុគ្គលិកទីចាត់ការ លោកគ្រូ អ្នកគ្រូ ទាំងអស់ធ្វើអ្វីតាមតែចិត្តខ្លួនឯង គ្មានតម្លាភាពក្នុងការអភិវឌ្ឍន ការចាយវាយថវិកា របស់សាលាបុគ្គលិក មិនដែលដឹងរឿង ហើយការអភិវឌ្ឍនសាលាមិនទៅមុខ អ្វីដែលខាងក្រសួង ឬមន្ទីរដាក់មកគាត់យកមកផ្អឹបចោល មិនបានផ្ដល់ព័ត៌មានដល់បុគ្គលិក ឬលោកគ្រូអ្នកគ្រូនោះទេ ពេលកំណត់ គាត់បន្ទោសគេថា ធ្វើមិនទាន់ថាគេមិនជួយ ហើយគ្រប់រឿងទាំងអស់ សុទ្ធតែគ្មានតម្លាភាព ក្នុងការគ្រប់គ្រង់របស់លោកនាយក អញ្ចឹងហើយបានជាលោកគ្រូអ្នកគ្រូទាំងអស់ មិនពេញចិត្ត ចង់សួរនាំ ចង់ផ្ដល់យោបលគាត់ មិនដែលតាម ហើយគាត់មិនដែលផ្ដល់ដំណឹង ឬព័ត៌មានឲ្យបុគ្គលិកឲ្យបានច្បាស់នោះទេ។
លោកគ្រូម្នាក់ ក្នុងចំណោមលោកគ្រូអ្នកគ្រូទាំងអស់ បានបញ្ជាក់ទៀតថា តាំងពីលោក ស៊ុន ម៉េងកាន កាន់តំណែង ជានាយកសាលាមកការដឹកនាំរបស់គាត់ធ្វើឲ្យសាលាមានការអន់ថយច្រើន ដោយសារសាលានេះកាលពីមុន មកកាលសម័យគាត់នៅរៀនរហូតដល់គាត់ធ្វើជាគ្រូបង្រៀន នៅសាលាវិទ្យាល័យថ្មក្រែនេះទៀត សាលានេះបានផលល្អជារៀងរាល់ឆ្នាំការប្រលងចំណាត់ថ្នាក់បានល្អ។ ក្រោយពីលោកនាយក មកគ្រប់គ្រង់សាលាមានការធ្លាក់ចុះ សាលាវិទ្យាល័យមានចំនួន១០ ជាប់ចំណាត់ថ្នាក់លេខ១០ ដល់គេបង្កើតសាលាចំនួន១១សាលាវិទ្យាល័យនេះជាប់ចំណាតថ្នាក់ទី១១។
លោកបញ្ជាក់ទៀតថា ពេលចុងឆ្នាំសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ មានការប្រលងធ្លាក់ គ្រូបន្ទប់បានឲ្យពួកគាត់ធ្លាក់រួចហើយ ដល់ពេលចូលកងថ្មី មកពួកគាត់មានឈ្មោះឡើងថ្នាក់ ហើយគ្រូបន្ទប់ថ្នាក់ មិនដឹងថាគាត់ឡើងថ្នាក់វិធីណាទេ នេះជាបញ្ហាគាត់ដឹកនាំដែរ។
ក្រុមលោកគ្រូ អ្នកគ្រូ សូមសំណូមពរឲ្យប្រធានមន្ទីរ ឬក្រសួងអបរំ មានវិធានការផ្លាស់ប្ដូរ លោកនាយកសាលានេះចេញ ទើបពួកគាត់ចូលបង្រៀន បើបណ្ដោយឲ្យលោកនាយករូបនេះ នៅបន្តគ្រប់គ្រងសាលា គ្មានការីកចម្រើននោះទេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ស៊ុន ម៉េងកាន នាយកវិទ្យាល័យថ្មក្រែ បានបញ្ជាក់ឲ្យដឹង តាមទូរស័ព្វថា ចំពោះលោកគ្រូ អ្នកគ្រូ ធ្វើកូដកម្មមិនចូលបង្រៀន មានជាងពាក់កណ្ដាល ហើយករណី ដែលឈានដល់លោកគ្រូ អ្នកគ្រូធ្វើកូដកម្មមិនចូលបង្រៀនមានចំនួន២ករណី៖
*ករណីទី១៖ គាត់បានទៅសិក្ខាសិលានៅសាលាតិចណូ លោកបានដាក់លោកគ្រូម្នាក់ អ្នកគ្រូម្នាក់រួមទាំងរូបលោកចំនួន៣នាក់ ទៅរៀនចំនួន១០ថ្ងៃ ហើយការដែលលោកទៅរៀននោះ ធ្វើឲ្យមានការច្រណែនឈ្នានីស ពីបុគ្គលិកមួយចំនួន ដែលគាត់មិនបានទៅរៀន ដោយគាត់ថា ហេតុអ្វីអ្នកគ្រូហ្នឹង ទើបចូលបង្រៀននៅវិទ្យាល័យថ្មក្រែបានតែ២ឆ្នាំទេ មិនដាក់ពួកគាត់បែរជាដាក់អ្នកគ្រូទើបចូលថ្មី។
*ករណីទី២៖ លោកទៅរៀន ហេតុអ្វីមិនដាក់នាយករងឲ្យទៅរៀនបែរជាទៅរៀនខ្លួនឯង។ លោកទៅសិក្ខាសាលាច្រើនដងហើយ បែរជាដាក់ឈ្មោះខ្លួនឯងទៅទៀត។ ហើយពាក់ព័ន្ធនិងសាលាអន់ថយ មិនពាក់ព័ន្ធនិងនាយកទេ គឺការបង្រៀន លោកខំយកចិត្តទុកដាក់មកគ្រប់គ្រងសាលា ហើយមកសាលាមិនដែលនៅផ្ទះទេ លើកលែងតែពេលយប់ លោកបានបូជាកម្លាំងកាយចំពោះសាលាច្រើនណាស់ ប៉ុន្តែលោកគ្រូអ្នកគ្រូមិនសូវយកចិត្តទុកដាក់ បង្រៀនម៉ោងរដ្ឋទេ គាត់តែងតែមកយឺត គាត់ចេញមុនទោះបីមានការប្រជុំណែនាំយ៉ាងណាក៏ដោយពួកគាត់មិនកែទេ ពួកគាត់មុជជ្រៅតែម៉ោងបង្រៀនគួរ។
អាណាព្យាបាលមាតាបិតា សិស្សមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើកូដកម្មមិនព្រមចូលបង្រៀន របស់លោកគ្រូអ្នកគ្រូ ធ្វើឲ្យកូនៗរបស់គាត់ខកខានរៀន ជាពិសេសសិស្សដែលត្រូវប្រលងបាក់ឌុប និងប្រលងឌីប្លូម។ ពួកគាត់សុំណុំដល់មន្ទីរ ក្រសួង និងថ្នាក់ដឹកនាំមេត្តាពន្លឿន ចុះដោះស្រាយរឿងនេះ ឲ្យឆាប់រហ័ស ដើម្បីឲ្យកូនៗពួកគាត់បានចូលរៀនវិញទាន់ពេល។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរ អបរំយុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងថា លោកបានចាត់ឲ្យការិយាល័យស្រុក ចុះទៅត្រួតពិនិត្យ ហើយកំពុងរៀបចំរបាយការណ៍មកហើយល្ងាចនេះ ខាងមន្ទីរ និងចុះទៅពិនិត្យ នៅថ្ងៃស្អែកនេះហើយ។ ខាងមន្ទីរ ក៏បានដឹងករណីនេះតាំងពីថ្ងៃដំបូង ហើយមន្ទីរកំពុងរកវិធានការ មិនឲ្យសាលាបិទអញ្ចឹងទេ៕