(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែងលោក នេត សាវឿន ស្នើឲ្យក្រុមការងារ ទាំងអស់បន្តចែកទឹកស្អាតជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃពិសេស ការជីកអណ្តូង ស្តារព្រែក អូ ប្រឡាយ បើទោះបីបច្ចុប្បន្ន នៅទូទាំងប្រទេសមានភ្លៀង ធ្លាក់ខ្លះក៏ដោយនោះ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការធ្វើបច្ចុប្បន្ន ភាពសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ លោក នេត សាវឿន បានលើកឡើងថា ដោយសារការ ឡើងកំដៅធ្វើឲ្យបឹងបួរមួយចំនួន ហួតហែងខ្វះខាតទឹកប្រើប្រាស់ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការយ៉ាងក្ដៅគគុកចុះចែក ទឹកជូនប្រជាពលរដ្ឋ ដែលផ្ដើមតាំងពីអំឡុងខែមេសា ឆ្នាំ២០១៦។
លោក នេត សាវឿន ក៏បានសំណូមពរឲ្យក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរិះរកឲ្យអស់គ្រប់ មធ្យោបាយ និងលទ្ធភាពដែលខ្លូនមាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន ដែលខ្វះទឹកប្រើប្រាស់ឲ្យមានទឹក ប្រើប្រាស់គ្រប់គ្រាន់។ ជាមួយគ្នានេះលោកប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ក៏បានជុំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ដូចជាការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណជាដើម។ ព្រោះថា ឯកសារទាំងអស់នេះ វាមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក នេត សាវឿន បានឧបត្ថម្ភថវិកាដល់ គណបក្សស្រុកស្វាយអន្ទរ ចំនួន១លានរៀល គណបក្សស្រុកកញ្រ្ជៀច ចំនួន១លានរៀល និងសមាជិកសមាជិកា ចូលរួមចំនួន១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕