(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុតដោយគ្មានការយោគយល់ ចំពោះមន្ដ្រីយោធាណាដែលត្រូវបានរកឃើញប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញគ្រប់បែបយ៉ាងទាំងបុគ្គលខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តម សេនីយ៍ឯក បានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញប្រើប្រាស់ត្រូវដាក់វិន័យឲ្យបានធ្ងន់ធ្ងរ ប៉ុន្ដែប្រសិនបើរកឃើញថា មានការចែកចាយបន្ដទៀតនោះ ត្រូវតែបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការអន់ឱន ឬមនោសញ្ចេតនានោះទេ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាគ្រឿងញឿន ក្នុងកងទ័ពខ្ញុំបានឲ្យដាក់ពិន័យធ្ងន់ធ្ងរមែនទែន ហើយបើមានបញ្ហាកាត់ចោលតែម្ដង ព្រោះមនោសញ្ចេតនាត្រូវមានព្រំដែន អង្គភាពខ្លះគាត់យោគយល់ច្រើនដងពេកតែមិនចប់ តែមានគាត់បញ្ជូនកន្លែងអប់រំជាមកវិញប្រើទៀត។ បើយើងមិនតឹងទេ យើងកំពុងតែធ្វើបាបបុគ្គលនោះតែម្ដង»។
លោកឧត្ត សេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកនូវរឿងរ៉ាវមួយចំនួន ចំពោះភាពអនុគ្រោះចំពោះមន្ដ្រីយោធា ដែលបានសុំអនុញ្ញាតច្បាប់ឈប់សម្រាក ប៉ុន្ដែបែរជាទៅលួចប្រើប្រាស់គ្រឿងញៀន រហូតមានបញ្ហាខួរក្បាលបាត់បង់ស្មារតីដោយសារតែឥទ្ធិពលនៃគ្រឿងញៀននេះ ដូច្នេះចាប់ពីពេលនេះទៅមិនមែនជាពេលវេលាដែលត្រូវផ្ដល់នូវការអនុគ្រោះ ឬុមនោសញ្ចេតនាបន្ដទៀតនោះទេ ចំពោះបញ្ហាគ្រឿងញៀន។
លោកបានអះអាងថា ចាប់តាំងពីលោកមកកាន់ជាមេបញ្ជាកងទ័ពជើងគោក ក៏បានកែប្រែច្រើនចំពោះបញ្ហានេះ ហើយនឹងបន្ដកែប្រែទៀត ដោយមិនឲ្យបញ្ហាគ្រឿងញៀននេះ ក្លាយជាបន្ទុកក្នុងអង្គភាពទ័ពនោះទេ៕
សូមស្ដាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត៖