(អាហ្វហ្គានីស្ថាន)៖ បន្ទាប់ពីអាមេរិកបានប្រកាសចំនួនបួនថ្ងៃមកហើយថា មេដឹកនាំកំពូលរបស់ក្រុម សកម្មប្រយុទ្ធតាលីបង់លោក Mullah Akhtar Mansour បានស្លាប់ដោយការវាយប្រហាររបស់យន្តហោះ គ្មានមនុស្សបើកនោះ ឥឡូវក្រុមដែលត្រូវចាត់ទុកជាពួកភេរវករនេះ បានប្រកាសទទួលស្គាល់ មរណភាពនោះជាផ្លូវការ និងបានតែងតាំងមេដឹកនាំកំពូលថ្មីថែមទៀត។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយ BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។
មេដឹកនាំថ្មីដែលតាលីបង់ បានជ្រោងឲ្យឡើងកាន់តំណែងថ្មីនោះមានឈ្មោះថា Mawlawi Haibatullah Akhundzada ដែលលោកជាមនុស្សជំនិតរបស់មេដឹកនាំចាស់។ គួរបញ្ជាក់ថាលោក Mansour បានស្លាប់ អំឡុងពេលលោកធ្វើដំណើរតាមរថយន្តនៅខេត្ត បាឡូជីស្ថាន របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ហើយក៏ត្រូវបានយន្តហោះអាមេរិក ទម្លាក់គ្រាប់បែកចំពីលើតែម្តង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានថ្លែងបន្ទាប់ពីការផ្តាច់ជីវិតមេដឹកនាំតាលីបង់នោះថា អាមេរិកបានចាត់ទុកក្រុមនេះ ជាការគម្រាមកំហែងយ៉ាងខ្លាំង ទៅលើប្រតិបត្តិការនៃកងកម្លាំងអាមេរិក ក្នុងតំបន់អាស៊ីខាងត្បូងជាច្រើនឆ្នាំមកនេះ៕