(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ បានផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបនេះភាគីជប៉ុន បានគាំទ្រយ៉ាងពេញលេញ សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ជំនួបនេះបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។

សេចក្តីប្រកាសព័ត៌មានរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ, ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្រៅពីនោះ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏មានផងដែរនូវ កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC+ Japan), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ ខណៈដែល លោកឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មី ចំពោះលោកឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុន សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕