(ភ្នំពេញ)៖ វត្ថុសិល្បៈបុរាណខ្មែរ ចំនួន៣០ ដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ និងតំបន់មួយចំនួន នឹងត្រូវប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈស្ថានតំណាងរបស់កម្ពុជា នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក នៅដើមខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានឲ្យដឹងតាមបណ្តាញសង្គម នៅថ្ងៃទី១៩ ខែកក្កដានេះ។
លោក សួស យ៉ារ៉ា បានបញ្ជាក់តាមហ្វេសបុករបស់លោកថា តាមដំណឹងរបស់ លោក Andy Brouwer អ្នកស្រឡាញ់វត្ថុសិល្បៈបុរាណខ្មែរ បានឲ្យដឹងថា ប្រភពម្ចាស់អំណោយគឺលោក មហាសេដ្ឋី James H Clark ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនចំនួន ៣៥លានដុល្លារ ទិញវត្ថុសិល្បៈត្រឡប់មកវិញ។ ពីប្រភពដែលបញ្ជាក់ថា វត្ថុទាំងនោះ ត្រូវបានលួចជួញដូរដោយខុសច្បាប់ក្នុងចន្លោះ ឆ្នាំ២០០៣-២០០៨ ហើយត្រូវបានចោរលួច ក្នុងអំឡុងឆ្នាំ១៩៩៧ ពីតំបន់ «ប្រាសាទកោះកេរ្តិ៍» របស់ខ្មែរ។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រសួងវប្បធម៌ វត្ថុសិល្បៈបុរាណខ្មែរ ទាំង៣០ នឹងត្រូវប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈស្ថានតំណាងរបស់កម្ពុជា នៅទីក្រុងញ៉ូយក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា ដែលបង្កើតឡើងកាលពីឆ្នាំ២០០៣ និងបន្តរៀងរាល់ ៥ឆ្នាំម្តង។
ក្នុងពិធីប្រគល់និងទទួលនេះដែរ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសុន្ទរកថាថ្លែងអំណរគុណ តាមរយៈប្រព័ន្ធវីដេអូ ពីរាជធានីភ្នំពេញ។
លោក ហាប់ ទូច បានបន្ថែមថា វត្ថុសិល្បៈបុរាណខ្មែរ ចំនួន ៣០នោះ រួមមាន៖
* រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក និងការិយាល័យស៉ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តី ក្នុងតុលាការពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរ ចំនួន ២៥រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។
* វត្ថុបុរាណខ្មែរចំនួន ៤រូប ទទួលបានពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។
* និង ១រូបទៀតគឺ «ព្រះស្កន្ទគង់លើក្ងោក» រឹបអូសបានពីប្រជាពលរដ្ឋអាមេរិក នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក។
ក្រសួងវប្បធម៌ បានចាត់ទុកថា ការត្រឡប់មកវិញ នៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឲ្យប្រជាជនកម្ពុជា និងពិភពលោកនូវការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរបុរាណ៕