(កំពង់ឆ្នាំង)៖ ជាថ្មីម្ដងទៀត នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរំលឹកនូវរឿងរ៉ាវចំនួន នៃការបង្កើតកងរាជអាវុធហត្ថ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងក្នុងឱកាសខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបរាប់ថា ជាលើកដំបូងកងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះបើតាមព្រះរាជក្រឹត្យលេខៈ ៤៤៦ ន.ស. និង៤៤៧ ន.ស. ដែលមានឈ្មោះថា «ក្រុមរាជអាវុធហត្ថខ្មែរ» ដល់ឆ្នាំ១៩៧១ ត្រូវបានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ» វិញ តាមក្រឹត្យលេខៈ ៥៧៤/៧១CE។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្ថាប័នកងរាជអាវុធហត្ថ ត្រូវបានលុបបំបាត់ដូចជាស្ថាប័ននៅក្នុងសង្គមផ្សេងៗដទៃទៀតដែរ កម្ពុជាប្រជាធិបតេយ្យ ហើយបុគ្គលិកដែលបម្រើការងារនៅក្នុងស្ថាប័ននេះ គឺជាមុខសញ្ញាមួយក្នុងចំណោមមុខសញ្ញា ដែលរបបកម្ពុជាប្រជាធិបតេយ្យត្រូវវែកមុខ និងកម្ទេចចោលថែមទៀតផង។
បន្ទាប់ពីការបោះឆ្នោតលើកដំបូង ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ «អ៊ុនតាក់»។ តាមក្រឹត្យចុះថ្ងៃទី១៤ កក្កដា ១៩៩៣ ការបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា នៅក្នុងរចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ។ ដូច្នេះហើយ ចាប់តាំងពីពេលនោះមក កងរាជអាវុធហត្ថ បានសម្រេចកំណត់យកថ្ងៃទី១៤ ខែកក្កដា ជាទិវាកងរាជអាវុធហត្ថ សាជាថ្មីឡើងវិញ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ៧៧ ស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅកងរាជអាវុធហត្ថ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧ បានចែងច្បាស់កំណត់សមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងគម្ពីទី២ មាតិកាទី៤ ជំពូកទី៤។
នាយឧត្តមសេនីយ៍ បានបន្ដថា យោងទៅតាមឯកសារគតិយុត្តខាងលើ ២៩ឆ្នាំកន្លងផុតទៅ កងរាជអាវុធហត្ថ បានកសាងហេដ្ឋារចនាសម្ពន្ធទាំងរឹងទាំងទន់ផង និងប្រតិបត្តិនូវតួនាទី ភារកិច្ចដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ក្នុងការរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។
តាមរយៈស្នាដៃ និងសមិទ្ធផលទាំងនេះ កងរាជអាវុធហត្ថ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល ពីសាធារណជន និងបានប្រគល់បន្ថែមនូវភារកិច្ច ឲ្យធ្វើការសហការជាមួយក្រសួង ស្ថាប័ននានា យ៉ាងមានប្រសិទ្ធភាព។
ដោយឡែកចន្លោះពេល២ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខួបលើកទី២៨ មិនបានប្រារព្ធពិធីអបអរសាទរនោះទេ ទើបតែឆ្នាំនេះ កម្ពុជាក្រោមការដឹកនាំឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងដោយបានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការណែនាំក្រសួងជំនាញ គឺក្រសួងសុខាភិបាល កម្ពុជាគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ ទើបថ្ងៃនេះយើងមកជួបជុំគ្នា រំលឹកខួបលើកទី២៩ ឡើងវិញ៕