(ភ្នំពេញ)៖ ក្រុមគ្រួសារខ្មែរឥស្លាមមួយ បានលួចលាក់បញ្ចុះសាកសពបុរសម្នាក់ស្ងាត់ៗ ដោយមិនឲ្យសមត្ថកិច្ចដឹងព័ត៌មានអ្វីឡើយ ក្រោយស្លាប់ដោយសារប្អូនស្រីបង្កើតចាក់ជាច្រើនកាំបិត។

ប៉ុន្ដែអាថកំបាំងនេះ នៅតែបែកធ្លាយដល់សមត្ថកិច្ច ហើយឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាប្អូនស្រីបង្កើតរបស់សពយកទៅសួរនាំ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ១៣៩៥ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹង ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡោះ សុគ្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលាងម៉ូតូ ចំណែកស្រ្តីជាប្អូនស្រីបង្កើតជនដៃដល់មានឈ្មោះ ឡោះ ហាលីម៉ាស់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ (មានជំងឺសសៃប្រាសាទ) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានយកថ្នាំសរសៃប្រាសាទឲ្យប្អូនស្រីបង្កើតលេប ត្រូវប្អូនស្រីមិនព្រមលេប ហើយមានការទាស់ពាក្យសម្តីគ្នាជាមួយបងប្រុស ខណៈពេលនោះ ប្អូនស្រីដែលជាជនសង្ស័យខឹង រួចក៏បានយកកូនកាំបិតចុងស្រួចនៅក្នុងផ្ទះយកមកចាក់ទៅលើបងប្រុសដែលជាជនរងគ្រោះចំនួន ៧កាំបិតចំខ្នងខាងក្រោយបណ្ដាលឲ្យរបួសធ្ងន់ធ្ងរហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះបន្ទាន់។

លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២៖៣០នាទីយប់រំលងអាធ្រាត ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង។ ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ ក៏បានដឹកសពជនរងគ្រោះត្រឡប់ពីមន្ទីរពេទ្យមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម ដោយមិនបានរាយការណ៍មកសមត្ថកិច្ចនោះទេ។

រហូតមកដល់វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ទើបលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានទទួលព័ត៌មានខាងលើនេះ ក៏បានចាត់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ធ្វើការឃាត់ខ្លួនប្អូនស្រីបង្កើតដែលជាជនដៃដល់ខាងលើមកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅសង្កាត់ច្រាំងចំរេះ២ និងលោកមេភូមិឃ បានសម្រេចគាស់ផ្នូយកសាកសពបុរសខាងលើ មកធ្វើកោសល្យវិច័យឡើងវិញផងដែរ។ ក្រោយពី កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការត្រួតពិនិត្យកោសល្យវិច័យរួចមក បានបញ្ជាក់ថា សាកសពបុរសខាងលើនេះ ត្រូវបានចាក់ដោយកូនកាំបិតចុងស្រួច ដែលមានប្រវែង ២២សង់ទីម៉ែត្រ នៅខាងក្រោយខ្នងចំនួន ៧កាំបិត។

បច្ចុប្បន្ន ស្ត្រីដែលជាជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕