(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា រយៈពេល១៨ថ្ងៃមកនេះ បន្ទាប់ពីមានការអនុញ្ញាត ឲ្យរថយន្តចង្កូតស្តាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលមកបង់ពន្ធបាន ដោយមិនបាច់កែចង្កូតទៅឆ្វេងនោះ កម្លាំងគយបានសហការជាមួយសមត្ថកិច្ចនានា នៅមាត់ច្រកព្រំដែន ពិសេសប្រទេសថៃ បានប្រចាំការយ៉ាងម៉ឺងម៉ាត់ ដោយមិនមានករណីបទល្មើសនាំចូល រថយន្តខុសច្បាប់នោះទេ។

យោងសតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពី វឌ្ឍនភាពនៃការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដានេះបានបញ្ជាក់យ៉ាងដូច្នេះថា «ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគរ ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូលឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទេ»។

បើតាមអគ្គនាយកដ្ឋានគយ គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មាន រថយន្តចង្កូតស្តាំ មកចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង។ ចំណែក រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង។

ទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនៅអង្គភាពគយ និងរដ្ឋាករជិតបំផុតឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូសដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕