(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម ក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ដើម្បីពិនិត្យបញ្ចប់ខ្លឹមសារ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី «គោលការណ៍ណែនាំ សម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម»។

សិក្ខាសាលានេះ ត្រូវបានដឹកនាំ និងសម្របសម្រួលដោយបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, បេឡាជាតិសន្តិសុខសង្គម, តំណាងនិយោជក និងនិយោជិត, គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជនដែលមានសកម្មភាពពាក់ព័ន្ធនឹងការវិនិយោគ, និងដៃគូអភិវឌ្ឍន៍នានា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការពិនិត្យ និងពិភាក្សារួមគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ នូវសេចក្ដីព្រាងអនុក្រឹត្យនេះ ក្នុងគោលបំណងកំណត់នូវគោលការណ៍ សម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពរឹងមាំហិរញ្ញវត្ថុ ព្រមទាំងកាត់បន្ថយហានិភ័យ ជាអតិប្បរមានៃការវិនិយោគមូលនិធិសន្តិសុខសង្គមដោយប្រតិបត្តិករសន្តិសុខសង្គម។

នៅក្នុងសិក្ខាសាលានេះ ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធមានការចាប់អារម្មណ៍ និងបានចូលរួមពិភាក្សាយ៉ាងផុសផុល ព្រមទាំងបានផ្ដល់មតិយោបល់ល្អៗបន្ថែមទៀតដែលជាធាតុចូលចាំបាច់ក្នុងការកែរសម្រួលសេចក្ដីព្រាងអនុក្រឹត្យនេះឱ្យកាន់តែប្រសើរឡើង និងអាចអនុវត្តបានក្នុងបរិបទសង្គម-សេដ្ឋកិច្ច ក៍ដូចជាដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា៕