(ភ្នំពេញ)៖ ដោយមានការណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សុខភាពប្រជាពលរដ្ឋ និងតាមការចង្អុលបង្ហាញពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេសនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយកផលិតផលខូចគុណភាព ជាង១តោន ដែលបានត្រួតពិនិត្យដកហូត នៅតាមបណ្តា ទីតាំងផ្សារកន្លងមក ទៅធ្វើការបំផ្លាញចោលតាមនីតិវិធី នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា ផលិតផលខូចគុណភាព ពុំមានសុវត្ថិភាព នៃផលិតផល ម្ហូបអាហារ និងផលិតផលប្រើប្រាស់ មិនអនុលោមភាពចម្រុះចំនួន ១,០៥០ គីឡូក្រាម ដែលបានត្រួតពិនិត្យដកហូត នៅតាមបណ្តា ទីតាំងផ្សារ ម៉ាត ឱសថស្ថាន ទីកន្លែងលក់សាធារណៈនានាកន្លងមក ត្រូវបានយកមកបំផ្លាញចោល តាមនីតិវិធីនៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហេង មាលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សូមប្រុងប្រយ័ត្នមុន នឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដើម្បីទុកបានយូរ នៅស្រស់ល្អ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់៕