(កំពង់ឆ្នាំង)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីប្រគល់ ទទួល និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យ អនុភាព ១៦២គីឡូវ៉ាត់ ដែលជាអំណោយរបស់ក្រុមហ៊ុន ស្នេថេក គ្រុប និងក្រុមហ៊ុន ឈីន គ្រុប ជូនអគ្គិសនីកម្ពុជា នៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា នៅតំបន់ភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ជាតំបន់ មិនដែលមានអគ្គិសនីប្រើប្រាស់ធំដុំនោះទេ ដោយសារតែជាតំបន់ដាច់ស្រយាល ត្រូវធ្វើដំណើរឆ្លងទឹក តាមទូក កាណូត ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកជាខ្លាំង។ ហើយប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ដែលពួកគាត់បានតាំងទីលំនៅជាយូរណាស់មកហើយ។

លោករដ្ឋមន្ត្រីបន្តថា កន្លងមកបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ មានអគ្គិសនីប្រើប្រាស់ តាមរយៈការប្រើប្រាស់សូឡាខ្នាតតូច បំពាក់លើដំបូលផ្ទះ ប៉ុន្តែពេលនេះពួកគាត់មានប្រព័ន្ធថាមពលសូឡា ដោយមានការប្រទាក់ក្រឡាគ្នា ៣៦០បន្ទះសូឡា ដែលមានអនុភាពជាង ៤៥០វ៉ាត់ក្នុង១បន្ទះ ដែលអាចផ្គត់ផ្គង់អគ្គិសនីបាន ១៧៣ខ្នងផ្ទះ ស្នើនឹងជាង២០០គ្រួសារ។

លោកបន្តថា ប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ ជាអំណោយថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រៅតែពីទទួលស្គាល់ សិទ្ធិអាស្រ័យផលស្របច្បាប់នៅក្នុងតំបន់៣ ដែលជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្តថា «នៅថ្ងៃនេះ ពួកគាត់បានអំណោយទី២ ទៀតគឺការទទួលបានប្រព័ន្ធអគ្គិសនី ពន្លឺព្រះអាទិត្យដែលជាថាមពលស្អាតនេះ សម្រាប់ប្រើប្រាស់ ហើយនៅថ្ងៃក្រោយយើងនឹងពង្រីកពីបណ្តាញជាតិ ភ្ជាប់ជូនពួកគាត់ថែមទៀត ដែលនឹងអនុញ្ញាតឲ្យពួកគាត់ប្រើប្រាស់ បានទូលំទូលាយជាងនេះ ក្នុងការប្រកបរបរកសិកម្ម»

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា «អំណោយដ៏ថ្លៃថ្លា ទាំងសិទ្ធិអាស្រ័យផលក្នុងតំបន់៣ ទាំងការបន្ថែមអគ្គិសនីនេះ ប្រជាពលរដ្ឋ បានបង្ហាញនូវការសប្បាយរីករាយ អបអរសាទរនូវការគិតគូរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយពួកគាត់ បានប្តូរផ្តាច់ក្នុងការបន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា»

សូមជម្រាបថា គម្រោងផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អនុភាព១៦២KW ជាអំណោយរបស់ក្រុមហ៊ុន ស្នេថេក គ្រុប និងក្រុមហ៊ុន ឈីន គ្រុប ជូនអគ្គិសនីកម្ពុជា។ គម្រោងនេះចំណាយថវិកាសរុបចំនួន ៤៨៩ ៤៨៥ដុល្លារ ក្នុងនោះចំនួន៣៧ម៉ឺនដុល្លារ ចំណាយដោយក្រុមហ៊ុន ស្នេថេក គ្រុប និងក្រុមហ៊ុន ឈីន គ្រុប និងថវិកាបដិភាគអគ្គិសនីកម្ពុជាចំនួន ១១.៩ម៉ឺនដុល្លារសម្រាប់ការទិញដី៕