(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានក្រើនរំឮកដល់នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការហ្វឹកហាត់ ដល់មន្ត្រីជំនាញសម្រាប់ក្នុងការជួយសង្គ្រោះ និងត្រូវតែអនុវត្តការងារឱ្យបានល្អ ជាពិសេសទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យជាគំរូសម្រាប់តាមបណ្តារាជធានី-ខេត្ត ដែលត្រូវបានអនុវត្តតាម។
ការលើកឡើងបែបនេះ របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានធ្វើឡើងក្នុងឱកាសបានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានគូសបញ្ជាក់ថា៖ «យើងជាមន្ត្រីអនុវត្តច្បាប់ និងជាអ្នកជួយសង្គ្រោះ ត្រូវតែយកចិត្តទុកដាក់ឱ្យខ្ពស់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា»។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានចាត់ឱ្យលោកនាយរងការិយាល័យ និងប្រធានគោលដៅ បែងចែកឱ្យមន្ត្រីជំនាញទាំងអស់ត្រូវរៀនបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែល មានហេតុការណ៍ចាំបាច់បំផុត។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ បានបន្តទៀតថា នៅពេលដែលចុះប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវតែពាក់ម៉ាស់ការពារ និងឯកសណ្ឋានរបស់មន្ត្រីជំនាញពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ។ ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ «៣កុំ និង៣ការពារ» ទាំងអស់គ្នា ដើម្បីរួចផុតពីជំងឺកូវីដ១៩៕