(រតនគិរី)៖ ដោយមានបញ្ជាយ៉ាងម៉ឺងមាត់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តលើការពង្រឹង ការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព សំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃ និងអាវុធកែច្នៃ)។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងនេះ ខណៈដែលក្រុមមន្រ្តីនគរបាល ចេញល្បាតក្នុងភូមិសាស្ត្រក្រុងបានលុង ហើយបានឃើញក្រុមក្មេងទំនើងទាំងនេះ មានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃ ក៏បានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និងកាំភ្លើងកែច្នៃ១ដើម។ ភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំង១០នាក់ ក្រោមការសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា សម្ភារដកហូតពីក្រុមក្មេងទំនើងទាំងនេះរួមមាន៖ ដាវកែច្នៃចំនួន២ដើម,កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន,ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១,ជំពាមកៅស៊ូចំនួន១,កាបូបលុយចំនួន១, ទូរស័ព្ទចំនួន៧គ្រឿង,ម៉ូតូចំនួន៧ គ្រឿង,ខ្សែក្រវ៉ាត់ចំនួន៤,មួកសុវត្តិភាពចំនួន២។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្តតាមនីតិវិធី៕