(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិស្ថាន និងសហគមន៍ បានរៀបចំដាំកូនឈើចម្រុះចំនួន ៦,០០០ដើម នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហួន វ៉ាន់និត អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថានខេត្ត រួមនឹងអ្នកពាក់ព័ន្ធ មួយចំនួនផងដែរ។
នាឱកាសនោះដែរ លោក ហួន វ៉ាន់និត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ទប់ស្កាត់ការកាប់បំផ្លាញរុករានព្រៃឈើ យកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ពីសំណាក់ជនខិលខូចអាណាធិបតេយ្យ។
លោក ហួន វ៉ាន់និត បានបន្តថា ការបង្កើតឡើងនូវសហគមន៍ព្រៃឈើបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានមានភារកិច្ចចូលរួម ការពារ ថែរក្សាធនធានធម្មជាតិ និងរួមសហការគ្នាដាំដុះព្រៃឈើឡើងវិញ ឱ្យបានជាអតិប្បរមា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនៃភពផែនដី សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសេចក្តីសុខ សុភមង្គល សំបូរសប្បាយ នឹងគ្មានជំងឺបៀតបៀន។
ជាមួយគ្នានេះដែរ លោកបន្ថែមថា ផ្តើមចេញពីការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីឧទ្យាននុរក្ស និងការដឹកនាំរបស់គណៈកម្មការសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន បានធ្វើឱ្យព្រៃឈើ សត្វព្រៃ នៅទីតាំងនេះអាចថែរក្សា ការពារបានមួយអន្លើ ជាមួយនេះបានរួមគ្នាដាំដុះកូនឈើបន្ថែមទៀតនៅក្នុងព្រៃធម្មជាតិ ដើម្បីធ្វើជាជម្រកសត្វព្រៃគ្រប់ប្រភេទ និងការកកើតឡើងវិញនូវជីវចម្រុះនៅក្នុងព្រៃធម្មជាតិ។
ក្នុងនាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ហួនន វ៉ាននិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ គ្រប់គ្រង ការពារព្រៃឈើ សត្វព្រៃបានល្អប្រសើររបស់គណៈកម្មការសហគមន៍សង្ឃរុក្ខាវ័ន មន្ត្រីឧទ្យាននុរក្ស និងអ្នកពាក់ព័ន្ធដែលស្រឡាញ់ព្រៃឈើ ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ ពីទីជិត ទីឆ្ងាយ ដែលបានចូលរួមដាំកូនឈើនៅថ្ងៃនេះប្រកបដោយទឹកចិត្តរីករាយ ជ្រះថ្លា ក្តីស្រឡាញ់ចំពោះព្រៃឈើ៕