(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបិទបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការដោះស្រាយ បញ្ហាគ្រោះអត់ទឹក ប្រើប្រាស់ជូនប្រជាពលរដ្ឋ ក្រោយពេលមានភ្លៀងធ្លាក់នៅគ្រប់កន្លែង។ ប៉ុន្តែមិនមែនមានន័យបញ្ចប់ការ ផ្តល់ទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលនោះទេ។ យុទ្ធនាការចែកទឹកនេះ គឺការបញ្ចេញកម្លាំងសរុប និងថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ គឺបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ (ចែកទឹក) ប៉ុន្តែមិនមែនបញ្ចប់នូវ សកម្មភាពក្នុងការផ្តល់ទឹក ឲ្យប្រជាពលរដ្ឋនូវតំបន់ខ្លះៗ ដែលនៅខ្វះខាតទឹកនៅឡើយទេ ប៉ុន្តែយើងក៏ត្រូវមើលដែរ ទឹកភ្លៀងធ្លាក់បែបនេះហើយ គាត់បែរជាអត់ព្រមត្រងទឹក ហើយយើងត្រូវផ្តល់ទឹកឲ្យគាត់ទៀត គឺមិនបានទេ ខ្ញុំសុំទោសចុះ»។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុក សម្រាប់ប្រើប្រាស់។ សម្តេចក៏បានរំលឹកឲ្យ មានការជួយរៀបចំឲ្យជនពិការ និងចាស់ជរា អាចទាញទឹកភ្លៀងយកទុកប្រើប្រាស់ផងដែរ។
សូមជម្រាបថា កន្លងមកថ្នាក់ដឹកនាំ និងអាជ្ញាធរ បាននាំយកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ដើម្បីយកទៅប្រើប្រាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ នៅតាមបណ្តាខេត្តទូទាំងប្រទេស។ លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋកន្លងមក គឺទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅដោយរលូន និងមានការសហការគ្នាពី ភាគីពាក់ព័ន្ធដោយយកចិត្តទុកដាក់។
គួរបញ្ជាក់ថា យុទ្ធនាការចុះចែកទឹកជូនប្រជាពលរដ្ឋ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដាក់ចេញពីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងឱកាសដែលសម្តេចអញ្ជើញ បើកសម្ពោធផ្លូវជាតិលេខ៥១។ ចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល៦០ថ្ងៃ៕