(ភ្នំពេញ)៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចគាំទ្រទាំងស្រុងដល់សំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ដែលសំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ។
សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានឱ្យដឹងថា៖
អង្គសន្និបាតគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ៖
ទី១៖ ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។
ទី២៖ ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានគណៈរដ្ឋមន្រ្តី អនុម័ត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។
ក្រោយមានការអនុម័តនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ដោយពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ។
បើតាម លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ បានបញ្ជាក់ថា ការកែវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនប៉ះពាល់ដល់ របបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំតាមបែបសភានិយមនៅកម្ពុជា ហើយក៏ពុំបានធ្វើឡើងក្នុងពេលដែលប្រទេសជាតិមានភាពចលាចលនោះឡើយ។
លោកបានបញ្ជាក់ថា ការធ្វើវិសោនធកម្មនេះ គឺដើម្បីធានាដំណើរការដល់ស្ថាប័នជាតិ ដែលធ្វើឱ្យកិច្ចដំណើរការប្រព្រឹត្តទៅដោយល្អរលូន ប្រកបដោយនិរន្តរភាព ក្នុងទិសដៅការពារនូវឧត្តមប្រយោជន៍ជាតិ ហើយជាពិសេសគឺធានានូវ សន្តិភាពស្ថិរភាព សេចក្តីសុខសានរបស់ប្រជាជន ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕