(ភ្នំពេញ)៖ នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្អៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២នេះ អង្គសន្និបាត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។
សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានឱ្យដឹងថា៖ «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត»។
ការសម្រេចគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត ធ្លាប់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមានការសម្រេចនេះ ថ្នាក់ដឹកនាំ និងសមាជិកនានារបស់គណបក្សកាន់អំណាចនេះ ក៏បានប្រកាសគាំទ្រជាបន្តបន្ទាប់នូវ សេចក្តីសម្រេចនៅក្នុងសន្និបាតនោះផងដែរ។
ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនាពេលបច្ចុប្បន្ននេះ បានចូលរួមចំណែកក្នុងសកម្មភាពសំខាន់ៗជាច្រើនដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងនោះមានការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ការស្វះស្វែងរកសន្តិភាព ការស្តារកសាងប្រទេស រួមទាំងរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាដើម។
គណបក្សនេះបានទទួលជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ដោយបានដឹកនាំរាជរដ្ឋាភិបាល រយៈពេល៦អាណត្តិមកនេះ។ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលុប ដោយទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់ផងដែរ៕