(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ រយៈពេល២ថ្ងៃ របស់ គណបក្សប្រជាជនកម្ពុជា បានបិទបញ្ចប់ហើយ នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។
សន្និបាតវិសាមញ្ញនេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។
របៀបវារៈក្នុងសន្និបាតវិសាមញ្ញនេះ មានការថ្លែងសុន្ទរកថាបើកសន្និបាតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការបង្ហាញរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣, កិច្ចពិភាក្សានៅក្នុងអង្គសន្និបាត ហើយចុងក្រោយមានមតិបូកសរុប និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាដើម។
ជាមួយនឹងការបិទបញ្ចប់សន្និបាតវិសាមញ្ញនេះ គណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំសន្និសីទកាសែត ដើម្បីបង្ហាញអំពីលទ្ធផលជាផ្លែផ្ការបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕