(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងខេត្តកំពង់ឆ្នាំង តាមបណ្ដាស្រុកមួយចំនួន មានភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្រុងកំពង់ឆ្នាំងក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ធ្វើឲ្យជំនន់ទឹកភ្លៀងហូរធ្លាក់ បុកដាច់ទំនប់បារាំង និងស្ពានឆ្លងដោយថ្មើរជើង ពីភូមិកណ្ដាលឡើងមកចំណុចដើមពោធិ៍ផ្សារក្រោម ក៏ត្រូវបាក់រលំផងដែរ។

តែដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន នឹងមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសគឺមានការយកចិត្តទុកដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បើទោះជាលោកកំពុងបំពេញ ការងារនៅឆ្ងាយក៏ដោយ ក៏លោកនៅតែមានការគិតគូរដល់មូលដ្ឋានរបស់លោក និងបានបញ្ជារមកអាជ្ញាធរក្រុងកំពង់ឆ្នាំង ឲ្យធ្វើការជួសជុលផ្លូវទាំងពីរនេះជាបន្ទាន់ ដើម្បីសម្រាប់ប្រជាពលរដ្ឋធ្វើដំ ណើរ ក៏ដូចជាដឹកទំនិញផ្សេងៗឆ្លងកាត់យកមកលក់នៅទីផ្សារក្នុងក្រុងកំពង់ឆ្នាំង។

លោកអភិបាលខេត្ត ថែមទាំងបានផ្ដល់នូវថវិកាមួយចំនួន សម្រាប់អាជ្ញាធរកំពុងធ្វើការជួសជុលស្ពាននិងផ្លូវ និងបានផ្តល់ជូនប្រជាពលរដ្ឋដែលបានចូលរួមជាមួយអាជ្ញាធរយ៉ាងសកម្ម ក្នុងការជួយអូសកំប្លោកចេញពីសសរស្ពានផងដែរ។

មកដល់ពេលនេះ ស្ពានឈើសំរាប់ថ្មើរជើងឆ្លងដៃទន្លេនៅរដូវស្សាមួយកន្លែង សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរដោយថ្មើរជើងចេញពីមូលដ្ឋានរបស់ពួកគាត់ឆ្លងមកកាន់ផ្សារក្រោម ដើម្បីទិញសម្ភារៈ ឬក៏ទិញម្ហូបអាហារផ្សេងៗនោះ មកដល់ពេលនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ឡើងវិញបានហើយ។

ចំណែកទំនប់បារាំងដែលជាផ្លូវដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋដឹកទំនិញ និងដឹកកសិផលផ្សេងៗឆ្លងកាត់យកឡើ ងមកលក់ដូរនៅទីផ្សារក្នុងក្រុងកំពង់ឆ្នាំង ដែលរងការខូចខាតដែរនោះ មកដល់ពេលនេះ រថយន្តកំពុងតែដឹកដី និងថ្មយកមកជួសជុល តែមិនចំណាយពេលយូរនោះទេ ប្រជាពលរដ្ឋ និងអាចបើកយានយន្តឆ្លងកាត់បាន តែទោះជាយ៉ាងណាក៏ទឹកនៅតែហូរពីលើទំនប់ ដោយសារតែសម្ពាធ ទឹកនៅខាងលើមានកំពស់ខ្ពស់ ចំណែកទ្វាររំដោះទឹកនៅទំនប់បារាំងមានទំហំតូចដែលទឹកមិនអាចហូរទាន់៕