ស្លាប់៥នាក់ រងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែឧសភាម្សិលមិញ, រថយន្តជាង៣ពាន់គ្រឿងរកឃើញល្មើសច្បាប់
25-05-2016 11:12
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល៣នាក់ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់១លើក និងស្រវឹង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះផងដែរលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣២៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១១៥៥គ្រឿង និងពិន័យសរុប ២១៣៧គ្រឿង៕