(ភ្នំពេញ)៖ រដ្ឋាភិបាលបង់ក្លាដែស បានស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយឲ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងជួយដោះស្រាយបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ របស់មីយ៉ាន់ម៉ា ដែលជ្រកកោននៅបង់ក្លាដែស ធ្វើមាតុភូមិនិវត្តន៍វិញ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សំណើរបស់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បានធ្វើឡើងក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា «នៅក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី ការបរទេសបង់ក្លាដែស នូវការគាំទ្ររបស់កម្ពុជា ដោយគូសបញ្ជាក់ពីដំណើរការដែលតម្រូវឱ្យមានការឆ្លងកាត់ការវាយតម្លៃរបស់លេខាធិការដ្ឋានអាស៊ាន និងការព្រមព្រៀងជាឯកច្ឆន្ទក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់»។
រដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានជម្រាបជូនឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស និងបានស្នើឲ្យកម្ពុជា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយលើកឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូង កើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់លោកអំពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះរឿងនេះនឹងអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។ បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើភាពស្មុគស្មាញ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាកិច្ចខិតខំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងរបស់លោកផ្ទាល់ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការជំរុញការអនុវត្តការព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងគោលបំណងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារទាំងពីរលើករបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់ទាក់ទងនឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការនយោបាយរំកិលទៅមុខ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម និងមានផលប្រយោជន៍ទៅវិញទៅមក ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេស អាប់ឌុល ម៉ូមិន បានស្នើការគាំទ្រពីកម្ពុជាសម្រាប់បេក្ខភាពបង់ក្លាដែសនៅក្នុងអង្គការអន្តរជាតិមួយចំនួន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនានា៕