(អេហ្ស៊ីប)៖ ក្រុមបច្ចេកទេសនៃអាកាសយានដ្ឋាន Charles de Gaulle Airport ក្នុងទីក្រុងប៉ារីសប្រទេស បារាំងបានបង្ហាញរបាយការណ៍ចុងក្រោយរបស់ខ្លួនថា មុនពេលហោះចេញពីព្រលាន យន្តហោះអេហ្ស៊ីប ត្រូវបានក្រុមពីឡុត និង ភ្នាក់ងារបច្ចេកទេសធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប៉ុន្តែគេពុំបានរកឃើញបញ្ហា បច្ចេកទេសអ្វីឡើយសូម្បីតែបន្តិច។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកអេហ្ស៊ីប Al-Ahram នាព្រឹកថ្ងៃ ពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។
បន្ទាប់ពីការហោះឡើងមិនបានប៉ុន្មានផង EgyptAir flight 804 បានបញ្ជូនសារអេឡិចត្រូនិកចំនួន១១ លើកមកកាន់អាកាសយានដ្ឋាន ចាប់ផ្តើមពីវេលាម៉ោង ៩៖០៩នាទីយប់ថ្ងៃទី១៨ ខែឧសភា ម៉ោងនៅក្នុងតំបន់។ សារចំនួនពីរដំបូង បានបង្ហាញថាម៉ាស៊ីនរបស់យន្តហោះ ដំណើរការជាធម្មតា។ សារជាលើកទីបីត្រូវបានផ្ញើមក នៅវេលាម៉ោង ០០៖២៦នាទី នៅថ្ងៃទី១៩ ខែឧសភា ដែលបង្ហាញពីការ កើនឡើងកម្តៅនៅបង្អួចរបស់ បន្ទប់ពីឡុតដែលបញ្ជាយន្តហោះ។
បន្ទាប់ពីការផ្ញើសារជាបន្តបន្ទាប់នៅរយៈពេល ៣នាទីបន្ថែមទៀតទៀត សរុបមាន១១សារនោះ យន្តហោះក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។ របាយការណ៍ថ្មីនេះ នឹងនាំឲ្យក្រុមអ្នកវិភាគតាមដាន ធ្វើការវិភាគទិន្នន័យឡើងវិញ រកមូលហេតុធ្លាក់របស់យន្តហោះពិតប្រាកដ៕