ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំខេត្តស្ទឹងត្រែង បាញ់កាំភ្លើង AK និងកាំភ្លើងខ្លី រះជាច្រើនគ្រាប់ កក្រើកពេញទីរួមខេត្ត
25-05-2016 10:01
(ស្ទឹងត្រែង)៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកក្រើកពេញទីរួមខេត្តស្ទឹងត្រែង នៅយប់មិញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីមានស្នូរគ្រាប់ AK និងកាំភ្លើងខ្លី ត្រូវបានបាញ់រះជាច្រើនគ្រាប់។
សម្រាប់ការបាញ់ប្រហារនេះ មិនត្រូវបានទម្លាយចេញឲ្យលម្អិតនោះទេ តែមន្រ្តីជាន់ខ្ពស់មួយរូបនៅខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ពិតជាមានការបាញ់រះជាច្រើនគ្រាប់មែន កាលពីយប់មិញ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ថា «មានមែន គឺបាញ់កាំភ្លើង AK និងកាំភ្លើងខ្លី ដែលការបាញ់នេះ គឺកើតឡើងនៅក្នុងរបងផ្ទះ លោកតំណាងរាស្រ្តម្នាក់»។
យ៉ាងណាក៏ដោយ មន្រ្តីរូបនេះមិនហ៊ានប្រាប់លម្អិតនោះទេ ពីព្រោះសុទ្ធតែថ្នាក់ដឹកនាំ ចឹងតាមដំណើរទៅចុះ ហើយក៏មិនដឹងពីមូលហេតុពិតប្រាកដនោះទេ និងក៏មិនបណ្តាលឲ្យនរណាម្នាក់រងរបួសផងដែរ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ថា នៅពេលនេះលោកបានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវហើយ ពីព្រោះលោក ក៏មិនទាន់ដឹងច្បាស់ដែរ ពីព្រោះជាប់រវល់បុណ្យសពបងប្អូននៅភ្នំពេញ៕