(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាជនទីទាល់ក្រ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលកំពុងតែជួបប្រទះការខ្វះខាត់ជីវភាព នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ សមាគមមិត្តយើង ដោយមានការចូលរួមគាំទ្រពីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ និងបឹងកក់ទី២ បានរៀបចំបង្កើតជាកម្មវិធីសប្បុរសធម៌មួយ ដើម្បីចែកអំណោយជូនដល់បងប្អូនដែលជួបការលំបាកចំនួន ៥០០គ្រួសារ ក្នុងនោះក៏មានអ្នកប្រកបរបរក្រៅប្រព័ន្ធ (ម៉ូតូឌុប រមកកង់បី និងអ្នកដឹកជញ្ជូន) ផងដែរ។

កញ្ញា ផាន់ សុនីតា អនុប្រធានសមាគមមិត្តយើង បានលើកឡើងថា រហូតមកដល់ពេលនេះ អំណោយជាគ្រឿងឧបភោគ បរិភោគ ប្រមាណជាជិត ១ម៉ឺនកញ្ចប់ហើយដែលសមាគមមិត្តយើង បានចែកជូនដល់បងប្អូនដែលមានការខ្វះខាត ហើយសមាគមជឿជាក់ថា កម្មវិធីសប្បុរសធម៌នេះ នឹងកើតមានជាបន្តបន្ទាប់នាថ្ងៃអនាគត។

សកម្មភាពនេះផងដែរបានគាំទ្រតាមរយៈការចូលរួមឧបត្តម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារៈ ពីក្រុមយុវជន និងដៃគូសហការ និងអភិវឌ្ឍផ្សេងៗផងដែររួមមាន៖ Yinkok Food Corp, Wing, Daily Fresh Foods Cambodia, krob Pich Co ltd, IQPS Trading។

សមាគម មានគោលបំណងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព កសាងបណ្តាញ ផ្តល់ឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅ ប្រឹក្សាយោបល់ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៍នានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ៕