(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីចំនួន៤៤៥រូបទៀត និងបានដាក់ចេញអនុសាសន៍ល្អៗរួមជាមួយការដាក់ចេញគោលការណ៍ចម្បងៗ៥ចំណុច ដើម្បីឱ្យសមាជិកចាស់ថ្មីបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
នាឱកាសនោះ លោកប្រធានសមាគមបានដាក់ចេញគោលការណ៍ចម្បងៗចំនួន៥ចំណុច ដើម្បីឱ្យសមាជិក-សមាជិកយកទៅអនុវត្តឱ្យបានព្រមៗគ្នា ក្នុងនោះ៖
១. ត្រូវប្រជុំពិភាក្សាគ្នាដើម្បីដាក់ចេញរបៀបរបបធ្វើការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវក្នុងការប្រកបការងារ និងមុខរបររបស់ក្រុមខ្លួនក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នេះ។
២. ត្រូវបន្តកសាងធនធានមនុស្សឱ្យយល់ដឹងពីការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ពិសេសការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។
៣. កសាងកេរ្តិ៍ឈ្មោះដើម្បីឱ្យប្រជាជននិងភាគីពាក់ព័ន្ធមានការជឿជាក់ និងគាំទ្រចំពោះការងារក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់ ក៏ដូចជាត្រូវផ្ដល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់ភាគីពាក់ព័ន្ធ។
៤. ត្រូវមានសាមគ្គីផ្ទៃក្នុងទាំងក្នុងក្រុម ក្នុងសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។
៥. សមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងអ្នកប្រកបការងារ-មុខរបរក្នុងវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់នៅប្រទេសកម្ពុជា ត្រូវអនុវត្តដោយការគោរពច្បាប់ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកប្រធានក៏បានអំពាវនាវឱ្យសមាជិកសមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនឱ្យបានល្អ។
លោក ឡី សុភាព បានលើកទឹកចិត្តឱ្យសមាជិក-សមាជិកខិតខំបំពេញការងារ និងមុខរបរនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅពង្រីកវឌ្ឍនភាពសម្រាប់ប្រទេសជាតិ។
លោកបានណែនាំឱ្យសមាជិកចាស់ថ្មីនៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាត្រូវធ្វើការតាមរចនាសម្ពន្ធចាត់តាំង ដើម្បីទទួលបានផ្លែផ្កាក្នុងការងារនៃវិស័យអភិវឌ្ឍន៍ដីធ្លី និងសំណង់។
លោកក៏បានលើកទឹកចិត្តដល់សមាជិកសមាគមមួយនេះត្រូវមានការប្រកួតប្រជែងក្នុងការសម្រេចផែនការការងារ ទើបជំរុញឱ្យការងារក្នុងក្រុមកាន់តែមានវឌ្ឍនភាព។
គួរជម្រាបថា កម្មវិធីខាងលើនេះក៏អមជាមួយពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយសមាជិក-សមាជិកានៃអង្គការ សមាគម និងវិស័យឯកជនផងដែរ៕