(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងនូវការអរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី។
តាមរយៈទំព័រហ្វេសប៊ុនរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ បានគូសរំលេចថា នាឱកាសដ៏សោកសង្រេងចំពោះការបាត់បង់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមានសមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំងសាធារណជនទូទៅបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។ ស្ថានទូត ក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាពីមជ្ឈដ្ឋាននានា។
«យើងខ្ញុំ សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុន ក្នុងខណៈពេលដ៏លំបាកនេះ»។ នេះជាសារថ្លែងអំណរគុណរបស់លោកឯកអគ្គរដ្ឋទូតជប៉ុន។
លោកទូត បានលើកឡើងទៀតថា «ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេងចំពោះសោកនាថកម្មនេះ យើងខ្ញុំបានទទួលការលើកទឹកចិត្តដ៏ពិតប្រាកដតាមរយៈសារនានារបស់ប្រជាជនកម្ពុជា»។
ជាមួយនឹងសារថ្លែងអំណរគុណ លោកឯកអគ្គរដ្ឋទូត បានគូសរំលេចអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុនផងដែរ។ លោកឯកអគ្គរដ្ឋទូត បានរំលឹកថា ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ២អាណត្តិ លោក អាបេ បានត្រួសត្រាយផ្លូវក្នុងការពង្រឹងទំនាក់ទំនងរវាងរវាងកម្ពុជា និងជប៉ុន តាមរយៈកិច្ចប្រជុំកំពូល និងការបង្កើតគោលនយោបាយការបរទេសនានា។ នៅឆ្នាំ២០១៣ លោក បានធ្វើទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតរំលឹកទៀតថា នៅក្នុងឆ្នាំ២០១៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ ពេលនោះ លោក អាបេ និងសម្តេចតេជោ បានរួមគ្នាជំរុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត។
ក្នុងសារថ្លែងអំណរគុណនេះ លោក មីកាមិ បានគូសបញ្ជាក់ថា ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត៕