(បាត់ដំបង)៖ មនុស្ស៣នាក់ ដែលពាក់ព័ន្ធនឹងករណីកៀរគរប្រជាពលរដ្ឋឲ្យប្រឆាំងការអនុវត្តច្បាប់លើរថយន្ដដឹកលើសទម្ងន់ នៅខេត្តបាត់ដំបង ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដីកាសម្រេចឃុំខ្លួននេះ បានចេញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ជនទាំង៣រូបនោះរួមមាន៖

* ១៖ ឈ្មោះ កែវ វាសនា (មានខ្លួន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរទិញ-លក់ពោត កើតនៅឃុំជ្រោយល្ពៅ ស្រុកបាត់ដំបង ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្ននៅក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

* ២៖ ឈ្មោះ ហ៉ឹម ចាន់គ្រឹះស្នា (មានខ្លួន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញពោត កើតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ឋ ទីលំនៅបច្ចុប្បន្នភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

* ៣៖ ឈ្មោះ សែម ឌីយ៉ា (មានខ្លួន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ កើតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្នភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទោះជាយ៉ាងនេះក្តី បុរសម្នាក់ដែលគេជឿថាជាមេក្លោងយោធាឈ្មោះ រោង សារឹម កំពុងបន្តរត់គេចខ្លួនដដែល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកពោតលើសទម្ងន់ចេញពីកម្ពុជា ឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។

បន្ទាប់ពីរកឃើញការដឹកទម្ងន់ល្មើសនឹងច្បាប់បែបនេះ ក្រុមការងារជញ្ជីងចល័ត បានណែនាំឱ្យអ្នកបើករថយន្តថៃ បើកយករថយន្តទៅរក្សាទុកស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មាក្នុងក្រុងបាត់ដំបង។ ពេលកំពុងបើករថយន្តឆ្ពោះទៅកាន់កន្លែងរក្សាទុកនោះ អ្នកបើកបររថយន្តថៃមួយគ្រឿងដឹកលើសជាង ៤០តោននោះ មិនបានបើកទៅគោលដៅនោះទេ គឺបានបើកចូលកន្លែងប្រមូលទិញពោតមួយកន្លែង (អ្នកតំបន់នោះហៅសៃឡ) ស្ថិតនៅក្បែររង្វង់មូលច្រកអូររំដួល ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ហើយឈប់រថយន្តរត់គេចខ្លួនបាត់ទៅ។ បើតាមកម្មករបម្រើការងារនៅកន្លែងប្រមូលទិញពោតនេះ បានប្រាប់ឱ្យដឹងថា អ្នកបើកបររូបនេះធ្លាប់ត្រូវបានអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារព្រោះការដឹកលើសទម្ងន់ ទើបគេភ័យខ្លាចជាប់ពន្ធនាគារជាថ្មី ទើបបង្ខំបើករថយន្តចូលទៅកន្លែងប្រមូលទិញដំឡូង ដើម្បីរត់គេចខ្លួន។ សូមបញ្ជាក់ថា នៅពេលបើកបររថយន្តនេះ ក៏មានសមត្ថកិច្ចខ្មែរនៅអមជាមួយគេបានដែរ តែមិនអាចធ្វើអ្វីអ្នកបើកបរបាននោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ផ្សេងៗ ទើបបណ្តោយឱ្យអ្នកបើកបរបើករថយន្តចូលកន្លែងប្រមូលទិញដំឡូងនោះតែម្តងទៅ។

ដោយឡែករថយន្តមួយគ្រឿងទៀត ត្រូវបានបើកដល់គោលដៅរក្សាទុកដោយសុវត្ថិភាព។ បុរសជនជាតិថៃ ជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យឈ្មួញថៃ រួមជាមួយភរិយានៅលើរថយន្តនេះដែរនោះ បានបង្ហាញការភ័យជាខ្លាំង ព្រោះខ្លាចត្រូវជាប់ពន្ធនាគារ។ បើតាមអ្នកបើកបរជនជាតិថៃរូបនេះ នៅក្នុងប្រទេសថៃមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរសម្រាប់អ្នកបើកបរលើសទម្ងន់ ពោលគឺត្រូវចាប់ដាក់ពន្ធនាគារ អាស្រ័យហេតុនេះហើយទើបពួកគេភ័យណាស់នៅពេលរថយន្តដែលគេបើកត្រូវបានរកឃើញថាដឹកលើសទម្ងន់ដោយច្បាប់នោះ។

និយាយពីរថយន្តមួយគ្រឿងដែលអ្នកបើកបរបើកគេចចូលកន្លែងប្រមូលទិញដំឡូងនោះវិញ នៅពេលក្រុមជញ្ជីងចល័តចូលទៅដើម្បីបើកយកទៅកាន់គោលដៅរក្សាទុកនោះ ស្រាប់តែមានប្រជាពលរដ្ឋមួយចំនួនដែលអះអាងថា ជាអ្នកកសិករដាំពោត និងជាអ្នករកស៊ីប្រមូលទិញពោតលក់ទៅឱ្យថៃ បានចេញមករារាំងមិនឱ្យយកចេញនោះឡើយ។ ពួកគេបានទាមទារឱ្យសមត្ថកិច្ចខ្មែរដោះលែងរថយន្តត្រឡប់ទៅថៃវិញ ដោយពួកគេលើកហេតុផលថា បើចាប់រថយន្តឈ្មួញថៃ គឺឈ្មួញថៃលែងចូលមកទិញពោតរបស់ពួកគាត់ទៀតហើយ។

បើទោះបីមានការពន្យល់ពីទិដ្ឋភាពច្បាប់របស់ខ្មែរពាក់ព័ន្ធការដឹកជញ្ជូន ពីព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ ក៏ដូចជាមន្ត្រីជញ្ជីងចល័ត និងអាជ្ញាធរស្រុក ហើយសុំឱ្យពួកគេរំសាយការតវ៉ា ដោយរង់ចាំដំណោះស្រាយជាក្រោយយ៉ាងណាក្តី ក៏ពួកគេមិនព្រមរំសាយនោះឡើយ។ ក្រុមអ្នកតវ៉ានៅតែបន្តទាមទារឱ្យដោះលែងរថយន្តឈ្មួញថៃដែលដឹកលើសទម្ងន់នេះ។

បើទោះបីមានការដាក់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍យ៉ាងណាក្តីក៏ក្រុមអ្នកតវ៉ាមិនរំសាយ ហើយបាននាំគ្នាបន្ធូរកង់រថយន្តទាំងអស់។ បន្ទាប់ពីការសម្របសម្រួលដើម្បីបំបែកការតវ៉ានោះមិនទទួលបានជោគជ័យ ទាំងព្រះរាជអាជ្ញា មន្ត្រី និងអាជ្ញាធរ ក៏បានចាកចេញពីទីតាំងនោះនៅវេលាម៉ោងប្រមាណជា ១០យប់។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ក្រុមមន្រ្តី និងអាជ្ញាធរបានចុះទៅយករថយន្តដឹកលើសទម្ងន់មួយគ្រឿងនេះ មករក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ពុកឆ្មាក្នុងក្រុងបាត់ដំបង។

គេបានរកឃើញថា ការតវ៉ា ការចេញមករារាំងរបស់ប្រជាពលរដ្ឋមិនឱ្យយករថយន្តដឹកលើសទម្ងន់របស់ឈ្មួញថៃនេះ មានការរៀបចំចលនា និងញុះញង់ ពីក្រុមឈ្មួញខ្មែររកស៊ីប្រមូលទិញពោតនៅតាមព្រំដែននោះ។ ជាពិសេសមន្ត្រីយោធាពាក់ស័ក្តិ ឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។

មន្ត្រីយោធាឈ្មោះ រោង សារឹម ត្រូវបានគេឱ្យរហស្សនាមស្តេចត្រាញ់ជាញដែន ដែលជាអ្នករកស៊ីជាមួយឈ្មួញថៃ ហើយក៏ជាអ្នករត់ការ ឬកាងរាល់ការដឹកជញ្ជូនលើសទម្ងន់ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ភ្នំព្រឹក ជាពិសេសសម្រាប់ការដឹកជញ្ជូនចេញចូលទៅថៃតាមច្រកអូររំដួល៕