(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចែកទ្រព្យសម្បត្តិ និងកេរមរតកវាមិនមានតម្លៃ និងគង់វង់ដូចការផ្តល់ឲ្យពួកគេរៀនសូត្រ ទទួលចំណេះដឹងនោះឡើយ។

* សម្តេចតេជោ បានថ្លែងថា សម្តេចធ្លាប់បានស្នើភាគីឡាវ តម្លើងថ្លៃអាហារូបករណ៍ជូននិស្សិតកម្ពុជា នៅប្រទេសឡាវ តែមិនទាន់មានការឆ្លើយតប ហើយសម្តេចសង្ឃឹមនិស្សិតសិក្សានៅឡាវ នឹងមានការយោគយល់លើបញ្ហានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មិនទាន់មាននរណាត្រួតត្រាធាតុអាកាស និងធម្មជាតិបាននោះទេ ដែលក្នុងនោះប្រទេសជាច្រើននៅលើពិភពលោកទទួលឥទ្ធិពលគ្រោះធម្មជាតិផ្សេងៗគ្នា ដូចជារញ្ជួញដី ទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។

* សម្តេចតេជោ បន្តថ្លែងអំណរគុណដល់កម្លាំងទាំងអស់ ដែលបានចូលរួមសស្រាក់សស្រាំជួយដោះស្រាយគ្រោះខ្វះទឹកប្រើប្រាស់របស់ ប្រជាពលរដ្ឋ ដែលមិនធ្លាប់មានពីមុនមក។ សម្តេចថា នេះគឺជាមេរៀន ដ៏ធំមួយសម្រាប់កម្ពុជា ដូចជាទឹកជំនន់កាលពីឆ្នាំ២០០០ ដែលផ្តល់ពិសោធន៍ឲ្យរាជរដ្ឋាភិបាល ធ្វើការងារមួយចំនួនដើម្បីទប់ស្កាត់បញ្ហាទឹកជំនន់។ ដោយឡែកគ្រោះរាំងស្ងួត ក៏ផ្តល់ពិសោធន៍ឲ្យ ធ្វើការជីកអណ្តូង ជីកស្រះទឹក ឲ្យជ្រៅជាងមុន។

* សម្តេចតេជោ ប្រកាសបិទបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការដោះស្រាយបញ្ហាគ្រោះអត់ទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ ក្រោយពេលមានភ្លៀងធ្លាក់នៅគ្រប់កន្លែង។ ប៉ុន្តែមិនមែនមានន័យបញ្ចប់ការផ្តល់ទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាល មួយចំនួននោះទេ។ ការបញ្ចប់យុទ្ធនាការនេះ គឺការបញ្ចេញកម្លាំងសរុប និងថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀង ដើម្បីទុកសម្រាប់ប្រើប្រាស់។ សម្តេច ក៏បានរំលឹកឲ្យមានការជួយរៀបចំឲ្យជនពិការ និងចាស់ជរា អាចទាញទឹកភ្លៀងយកទុកប្រើប្រាស់។

* សម្តេចតេជោ បានបញ្ជាឲ្យរថយន្តរបស់ក្រសួងការពារជាតិ ដែលបានបញ្ចេញទៅជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ ត្រូវវិលចូលកន្លែងវិញ តែការជីកអណ្តូង និងស្រះទឹក នៅតែបន្ត។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរថយន្តរបស់ក្រសួងការពារជាតិ ដែលបានបញ្ចេញទៅជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ ត្រូវវិលចូលកន្លែងវិញ តែការជីកអណ្តូង និងស្រះទឹក នៅតែបន្ត។ សម្តេចតេជោ បញ្ជាក់ថា ចំនួនស្រះ និងអណ្តូង មានការកើនឡើងនៅឆ្នាំនេះ នេះបើតាមការរបាយការណ៍របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាបណ្តាលមកខ្យល់កន្ត្រាក់ធ្វើឲ្យខូចផ្ទះ និងសាលារៀន។ សម្តេចតេជោ បានកោតសរសើរដល់អាជ្ញាធរខេត្តទាំងអស់ ដែលបានចាត់ចែង និងដោះស្រាយបញ្ហាភ្លាមៗនៅពេលមានខ្យល់កន្ត្រាក់។ សម្តេចតេជោថា សាលារៀន និងមន្ទីរពេទ្យ គឺជាការដោះស្រាយអាទិភាព មិនអាចឲ្យកូនសិស្សអត់សាលារៀន អ្នកជំងឺគ្មានកន្លែងព្យាបាលនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមការព្យាការណ៍កម្ពស់ទឹកនៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៦នេះ មានកម្ពស់ ៩,៣០ម៉ែត្រ។

* សម្តេចតេជោ ហ៊ុន សែន ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេចនឹងបង្ហោះអត្ថបទមួយនិយាយពី «ទុក្ខស្រីប្តីព្រាត់» ដែលសម្តេចបានសរសេរពេលកំពុងធ្វើដំណើរតាមយន្តហោះ ពីសូឈី ប្រទេសរុស្ស៊ី ត្រឡប់មកម្ពុជាវិញ នាពេលកន្លងទៅនេះ។

* សម្តេចតេជោថា រហូតមកដល់ពេលនេះ មានផ្ទៃដីរាប់ម៉ឺនហិកតាហើយ ត្រូវបានប្រជាពលរដ្ឋភ្ជួររាស់ត្រៀមធ្វើការដាំដុះ។ សម្តេចតេជោ ក៏រំពឹងថា ផលស្រូវនឹងទទួលបានផលល្អ តាមការផ្សងរបស់គោឧសភរាជកាលពីម្សិលមិញនេះ។

* សម្តេចតេជោ បានបញ្ជាក់ថា ការប្រញាប់ប្រញាលប្រកាសពីកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (៤-មិថុនា-២០១៧) ដើម្បីទុកពេលឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោត និងជំរុញឲ្យអាជ្ញាធរពន្លឿនការ ធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើ ហើយក៏ដើម្បីឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ចំណាយ លើការបោះឆ្នោត ព្រមទាំងជាការដាស់ឲ្យបក្សនយោបាយត្រៀមលក្ខណៈសម្បត្តិផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការប្រកាសនេះ គ្មានន័យអ្វីផ្សេងក្រៅពីជួយសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធឲ្យត្រៀមលក្ខណៈសម្បត្តិ ដើម្បីធ្វើការបោះឆ្នោតឲ្យបានល្អប្រសើរនោះឡើយ។

* សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការបោះឆ្នោតថ្នាក់ជាតិ នៅតែធ្វើនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ ក្នុងខែកក្កដា ដដែល ដូច្នេះនៅឆ្នាំ២០១៨ ថ្ងៃអាទិត្យ សប្តាហ៍ទី៤ ចំថ្ងៃណា គឺធ្វើការបោះឆ្នោតនៅថ្ងៃនោះ។ សម្តេចតេជោ សង្ឃឹមថា នឹងគ្មានការអត្ថាធិប្បាយអ្វីផ្សេង ពីការចេញកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរខិតខំពន្លឿនការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណជា ២លាននាក់ទៀតនោះ ដើម្បីឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរខិតខំពន្លឿនការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណជា ២លាននាក់ទៀតនោះ ដើម្បីឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោ បានហៅការប្រឹងប្រែងធ្វើអត្តសញ្ញាណបណ្ណ និងជំរុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនេះ គឺដើម្បីធ្វើឲ្យមានការស្អាតស្អំទាំងអស់គ្នា កុំឲ្យមានការចោទប្រកាន់ថា មានការលួចបន្លំ ឬរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។

* សម្តេចសង្ឃឹមថា នឹងគ្មានហេតុផលណាមកបដិសេធលើលទ្ធផលបោះឆ្នោតទៀតនោះឡើយ ហើយក៏គ្មានហេតុផលណាថា បាត់មនុស្ស ១លាន ២សែន ឬ ១លាន ៥សែននោះដែរ។ សម្តេចក៏បានត្រៀមសំណួរសួរទៅអ្នកដែលលើកឡើងថា បាត់ឈ្មោះអ្នកបោះឆ្នោតនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖២០នាទី៕