(ឧត្ដរមានជ័យ)៖ សាលាបឋមសិក្សា ហាលៀមសែនជ័យ ស្ថិតនៅភូមិហាលៀម ឃុំអំពិល ស្រុកបន្ទាយអំពិល ដែលជាតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តឧត្ដរមានជ័យ កំពុងមានការខ្វះខាតទាំងកន្លែងសម្រាប់សិស្សសិក្សា រួមទាំងសម្ភារសិក្សាមួយចំនួនទៀត លោកគ្រូ អ្នកគ្រូ នៅតំបន់ដាច់ស្រយាលមួយនេះទទូចអំពាវនាវឱ្យសប្បុរសជន ជួយគាំទ្របន្តទៀត ដើម្បីជួយដល់សិស្សានុសិស្សបានបន្តការសិក្សាទៅមុខទៀត។
បើតាមលោកគ្រូ ស្រេង បញ្ញា បង្រៀននៅសាលាបឋមសិក្សា ហាលៀមសែនជ័យ បានឱ្យបណ្តាញសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា សាលាហាលៀមសែនជ័យ បច្ចុប្បន្ននេះមានគ្រូក្របខណ្ឌរដ្ឋ ២នាក់ លោកគ្រូ អ្នកគ្រូកិច្ចសន្យា ២នាក់ ស្រី១ ប្រុស១ និងមានសិស្ស ៦កម្រិតសិក្សា មានសិស្សថ្នាក់ទី១ ចំនួន ៧នាក់, សិស្សថ្នាក់ទី២ ចំនួន ៤នាក់, សិស្សថ្នាក់ទី៣ ចំនួន ៨នាក់, សិស្សថ្នាក់ទី៤ ចំនួន ២នាក់, សិស្សថ្នាក់ទី៥ ចំនួន ៣នាក់, សិស្សថ្នាក់ទី៦ចំនួន ៣នាក់ សរុប ២៧នាក់ ស្រី ១១នាក់។
គិតមកដល់ពេលបច្ចុប្បន្ននេះ សាលាហាលៀមសែនជ័យនៅមានការខ្វះខាតច្រើន ក្នុងនោះដែរបន្ទាប់ពីបង្កើតសាលានេះក្នុងឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មិនទាន់មានអគារសិក្សានៅឡើយទេ ជាមួយគ្នានោះគ្រូបង្រៀន ត្រូវបង្រៀនសិស្សលើសាលាឆទាន និងរោងដោលជាបណ្ដោះអាសន្ន អស់៥ឆ្នាំមកហើយ។
ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងខេត្តឧត្ដរមានជ័យ លោកគ្រូ ស្រេង បញ្ញា បានបញ្ជាក់ទៀតថា ចំពោះសិស្សានុសិស្សវិញ ក៏មានការខ្វះខាតដែរដោយបច្ចុប្បន្ននេះ កូនសិស្សគឺមានការខ្វះខាតលើសម្ភារ:សិក្សា ខោអាវសិក្សា ខោអាវកីឡា យានជំនិះ(កង់) និងសម្ភារ:កីឡាផ្សេងៗ។ ជាមួយគ្នានោះលោកគ្រូក៏បាន អំពាវនាវ សុំការ ជួយពីសប្បុរសជន ជួយឧបត្ថម្ភដល់សិស្សានុសិស្ស ដើម្បីបានបន្តការសិក្សាទៅមុខតទៀត ជៀសវាងបោះបង់ការសិក្សា ដោយសារតែភាពខ្វះខាតនេះ។
សម្រាប់សប្បុរសជន ដែលមានបំណងចង់ជួយដល់សិស្សានុសិស្សខ្វះខាត ឫជួយដល់សាលាអាចទំនាក់ទំនងលោកគ្រូ ស្រេង បញ្ញា 071 24 26 699 ឫ អេស៊ីលីដាទាន់ចិត្ត 071 2426699 (Sreng Panha) និង ABA 002 729 640 ( Sreng Panha)៕