(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឃាត់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ក្រោយប្រើប្រាស់អំពើហិង្សាលើកូនស្រី និងត្រូវបញ្ជូនខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីចាត់ការទៅតាមច្បាប់។
លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា បុរសជាឪពុកដែលប្រើប្រាស់អំពើហិង្សាលើកូនស្រីខ្លួនមានឈ្មោះ ស៊ន សំណាង អាយុ៤១ឆ្នាំ ចំណែកកូនស្រីជាជនរងគ្រោះមានឈ្មោះ យ៉េង ណាសយ អាយុ១៨ឆ្នាំ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី។
លោកអធិការស្រុក បានបញ្ជាក់ថា មូលហេតុដែលឪពុករូបនេះប្រើប្រាស់អំពើហិង្សាលើកូនស្រីបែបនេះ ក៏ដោយសារគាត់អង្វរកូនស្រីរបស់គាត់ឱ្យមករួមរស់ជាមួយគាត់វិញ ខណៈដែលប្រពន្ធគាត់ចុះចោលរូបគាត់ ធ្វើឱ្យគាត់រស់នៅតែម្នាក់ឯង តែកូនស្រីរូបនេះមិនព្រម ទើបធ្វើឱ្យគាត់ផ្ទុះកំហឹងក៏បានប្រើអំពើហិង្សាលើកូនស្រីតែម្តងទៅ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យជាឪពុក បានបញ្ជាក់ប្រាប់សមត្ថកិច្ចបន្ថែមថា គាត់គ្មានបំណងប្រើប្រាស់អំពើហិង្សាលើកូនស្រីរបស់គាត់នោះទេ ពោលគឺគាត់មានបំណងមកហៅកូនស្រីឱ្យត្រឡប់មក រួមរស់ជាមួយគាត់វិញតែប៉ុណ្ណោះ។ គាត់មិនចង់ឱ្យកូនស្រីរស់នៅខាងប្តីណាមួយ ប្រពន្ធរបស់គាត់បានចុះចោលគាត់ ហើយកូនស្រីចុះចោលគាត់ទៀត ធ្វើឱ្យគាត់រស់នៅតែម្នាក់ឯង តែកូនស្រីរូបនេះមិនព្រម បានធ្វើឱ្យគាត់មានកំហឹងកើតឡើង ប្រើអំពើហិង្សាទាំងមិនដឹងខ្លួន ទៅលើកូន រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនទើបគាត់នឹកស្តាយក្រោយ។
លោក ជួន មឿន បានថ្លែងបញ្ជាក់ថា ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់យ៉ាងណាទៅលើបុរសជាឪពុកនោះ លោកមិនអាចអត្ថាធិប្បាយបានទេ ប៉ុន្តែព្រឹកនេះបុរសជាឪពុកត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនបន្តទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំណែកកូនស្រីជាជនរងគ្រោះបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ៕